លោក ដូណាល់ ត្រាំ អះអាងថា ស្ថានការណ៍តានតឹងរវាងរុស្ស៊ី-អ៊ុយក្រែននាពេលបច្ចុប្បន្ននេះ នឹងមិនកើតឡើងនៅក្រោមរដ្ឋបាលរបស់ខ្លួនឡើយ
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថ្លែងថា ស្ថានការណ៍តានតឹងដែលកំពុងបន្តរវាងរុស្ស៊ី-អ៊ុយក្រែននាពេលបច្ចុប្បន្ននេះ នឹងមិនកើតឡើងនៅក្រោមរដ្ឋបាលរបស់លោកនោះទេ។
លោក ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្វីដែលកំពុងកើតឡើងជាមួយរុស្ស៊ី-អ៊ុយក្រែន នឹងមិនដែលកើតឡើងនៅក្រោមរដ្ឋបាលរបស់ខ្លួនឡើយ។ កន្លងមក រដ្ឋបាលលោក ត្រាំ បានស្នើសុំនៅក្នុងឆ្នាំសារពើពន្ធ 2021 របស់ខ្លួន នូវថវិកាចំនួន 317លានដុល្លារជាជំនួយដល់អ៊ុយក្រែន រួមទាំងការផ្តល់ជំនួយផ្នែកយោធា ហើយក្រោយមកវាបានផ្តល់ជំនួយចំនួន 1.5លានដុល្លារ ដើម្បីកែលម្អកន្លែងបណ្តុះបណ្តាលកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ សភាតំណាងរាស្រ្តអាមេរិកនៅក្នុងខែធ្នូ ឆ្នាំ 2019 ក៏បានបោះឆ្នោតចោទប្រកាន់លោក ត្រាំ ពីបទរំលោភអំណាច និងការរារាំងសភាចំពោះការចោទប្រកាន់ថា បានបង្កកជំនួយយោធាដល់អ៊ុយក្រែន ដើម្បីដាក់សម្ពាធលើទីក្រុងគៀវ ស៊ើបអង្កេតគូប្រជែងនយោបាយរបស់ខ្លួន គឺលោក ចូ បៃដិន។ បន្ទាប់មកព្រឹទ្ធសភាបានដោះលែងលោក ត្រាំ លើគ្រប់មាត្រានៃការចោទប្រកាន់ទាំងនោះ។
ដោយឡែក អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ បាននិយាយកាលពីខែកក្កដា ឆ្នាំ 2020 ក្នុងអំឡុងពេលផ្តល់សក្ខីកម្មដល់គណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិកថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានគាំទ្រការបង្កើនជំនួយដ៏សាហាវដល់ប្រទេសអ៊ុយក្រែន៕ ប្រភព៖ Sputniknews



