អង់គ្លេសព្រមានថា រុស្សីកំពុងគ្រោងវាយប្រហាររដ្ឋធានីរបស់អ៊ុយក្រែនតាមរយៈ «សង្គ្រាមរន្ទះ»

សមាជិក​អង្គការ​ណាតូ​បាន​ចាប់​ផ្ដើម​បញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​ទៅ​កាន់​បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ខាង​កើត ខណៈ​ពេល​ដែល​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​បូរីស ចនសុន​បាន​ព្រមាន​ថា​រុស្សី​បាន​ប្រមូល​ផ្ដុំ​ទាហាន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​ «សង្គ្រាម​រន្ទះ» ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ ដោយ​មាន​គោលបំណង​ចូល​កាន់​កាប់​រដ្ឋធានី​កៀវ​។

ការ​លើក​ឡើង​របស់​លោក​ចនសុន​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា​រុស្សី​កំពុង​ត្រៀម​ឈ្លានពាន​អ៊ុយក្រែន​។ អង្គការ​ណាតូ​បាន​និយាយ​ថា​សមាជិក​របស់​ខ្លួន​បាន​ត្រៀម​ចល័ត​កង​ទ័ព​ប្រសិន​បើ​រុស្សី​បើក​ការ​វាយ​ប្រហារ​។

លោក​ចនសុន​បាន​និយាយ​ថា​កង​វរ​សេនា​ធំ​និង​តូច​របស់​រុស្សី​ជាង​ ៦០ បាន​ប្រមូល​ផ្ដុំ​នៅ​តំបន់​ជិត​ព្រំដែន​អ៊ុយក្រែន​ ដែល​លោក​និយាយ​ថា​ជា​ភស្តុតាង​នៃ​ «ផែនការ​សម្រាប់​សង្គ្រាម​រន្ទះ ដែល​អាច​ដណ្ដើម​យក​ក្រុង​កៀវ​»​។

លោក​បាន​និយាយ​ថា​៖ «​នោះ​នឹង​ជា​ជំហាន​ដ៏​មហន្តរាយ​មួយ​»​។ សម្រាប់​ទីក្រុង​មូស្គូ ការ​លុក​លុយ​ណា​មួយ «នឹង​ក្លាយ​ជា​រឿង​ដ៏​ឈឺចាប់ ហិង្សា និង​បង្ហូរ​ឈាម​។ ខ្ញុំ​គិត​ថា​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដែល​ប្រជាជន​រុស្សី​យល់​ថា​នេះ​អាច​ជា​ឆេឆេនី​ថ្មី​»។

ប្រធានាធិបតី​បេឡារូស​លោក​អាឡិចសាន់ឌឺ លូកាសិនកូ​ បាន​និយាយ​ថា​លោក​នឹង​ដាក់​ពង្រាយ​ «កងកម្លាំង​ទាំង​មូល» នៃ​កង​ទ័ព​របស់​លោក​ទៅ​កាន់​ព្រំដែន​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ពង្រាយ​កម្លាំង​របស់​ណាតូ​នៅ​ក្នុង​តំបន់​បាល់ទិក និង​ប្រមូល​ផ្ដុំ​កងទ័ព​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​។

លោក​និយាយ​ថា​៖ «នេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​ណា​មួយ​ទេ​។ យើង​គ្រាន់​តែ​ចង់​ការពារ​ព្រំដែន​ភាគ​ខាង​ត្បូង​របស់​យើង​»​។

នៅ​ក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​សហភាព​អឺរ៉ុប និង​អាមេរិក​ ប្លុក​នេះ​បាន​សង្កត់​ធ្ងន់​ថា​រុស្សី​នឹង​រង​ផល់​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ប្រសិន​បើ​វាយ​ប្រហារ​អ៊ុយក្រែន​ ហើយ​និយាយ​ថា​ពួកគេ​នឹង​ «ពន្លឿន»​ ការងារ​រៀប​ចំ​ដាក់​ទណ្ឌកម្ម​។

កាល​ពី​ចុង​សប្ដាហ៍​មុន​អង់គ្លេស​បាន​ចោទ​ប្រកាន់​រុស្សី​ថា​កំពុង​គ្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​អ៊ុយក្រែន​បច្ចុប្បន្ន ហើយ​តែងតាំង​រដ្ឋាភិបាល​ថ្មី​ដែល​គាំទ្រ​ខ្លួន​។

ខណៈ​ពេល​ដែល​មហា​អំណាច​លោក​ខាង​លិច​បាន​បញ្ចេញ​ព័ត៌មាន​ចារកម្ម​អំពី​គោល​បំណង​របស់​រុស្សី​ ក្រុង​មូស្គូ​តែងតែ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ខ្លួន​មិន​ផែនការ​ដូច្នោះ​ទេ​។ ប៉ុន្តែ​វិមាន​ក្រឹមឡាំង​បាន​និយាយ​ថា​ហានិភ័យ​នៃ​ការ​ផ្ទុះ​សង្គ្រាម​គឺ «ខ្ពស់​ណាស់» នៅ​តំបន់​ដុនបាស់​ ដែល​ជា​កន្លែង​នៃ​សង្គ្រាម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្សី​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​លោក​ឌីមីទ្រី ប៉េស្កូវ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​ខាង​លិច​គឺ​ជា​អ្នក​បង្ក​ការ​កើន​ភាព​តានតឹង​ដោយ​ការ​ដាក់​ពង្រាយ​កម្លាំង​បន្ថែម​ទៀត និង​ការ​ផ្សាយ​ការ​អះអាង «ក្លែងក្លាយ» អំពី​ផែនការ​ផ្លាស់​ប្ដូរ​របប​នៅ​អ៊ុយក្រែន​។

លោក​ប៉េស្កូវ​​ថ្លែង​ដូច្នេះ​​៖ «នេះ​មិនមែន​កើត​ឡើង​ដោយ​សារ​តែ​អ្វី​ដែល​យើង រុស្សី​កំពុង​ធ្វើ​នោះ​ទេ​។ ទាំង​អស់​នេះ​កើត​ឡើង​ដោយ​សារ​តែ​អ្វី​ដែល​ណាតូ និង​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ និង​ព័ត៌មាន​ដែល​ពួកគេ​កំពុង​ចែកចាយ​»​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​លោក​ប៉េសកូវ​លើក​ឡើង​​​ថា​រុស្សី​មិន​ចង់​ជួប​នឹង​ស្ថានភាព​តានតឹង​ស្រដៀង​គ្នា​នា​ពេល​អនាគត​ទេ ហើយ​នឹង​ផ្ដោត​លើ​ការ​ចរចា​សន្តិសុខ​ជា​មួយ​អាមេរិក​វិញ​៕

ប្រភព៖ FT

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner