ចិនទាក់ទងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដើម្បីជៀសវាងការវាយប្រហាររោងចក្ររបស់ខ្លួន
ចិនបានធ្វើការទាក់ទងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា (NUG) ក្នុងគោលបំណងស្នើសុំកុំឱ្យបង្កជាការវាយប្រហារទៅលើរោងចក្ររបស់ខ្លួន ដែលកំពុងមាននៅក្នុងប្រទេសមានវិបត្តិនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការអះអាងរបស់លោក Yee Mon រដ្ឋមន្ត្រីការពារជាតិកូតារដ្ឋាភិបាល NUG ប្រាប់សារព័ត៌មានអនឡាញ Irrawaddy។
អតីតអ្នកនិពន្ធកំណាព្យមួយរូប និងអ្នកទោសនយោបាយរូបនេះបានលើកឡើងថា ស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ាបានមកទាក់ទងមកកាន់ក្រុមរបស់ខ្លួន ស្របពេលដែលកងទ័ពតស៊ូថ្នាក់មូលដ្ឋានបានធ្វើវាយប្រហារទ្រព្យសម្បត្តិរបស់វិនិយោគិនខ្លួននាពេលកន្លងមក។
ហេតុការណ៍ចុងក្រោយគឺការវាយប្រហារកាលពីថ្ងៃទី៧ ខែមករាកន្លងទៅ។សេចក្ដីរាយការណ៍ចេញពីប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា កងកម្លាំងការពារប្រជាជន (PDF) សាខាស្រុក Tigyaing ស្ថិតនៅក្នុងភាគខាងកើតនៃតំបន់សាហ្គាអ៊ីង (Sagaing) តាមបណ្ដោយទន្លេអ៊ីរ៉ាវ៉ាឌី បានបំផ្ទុះបង្គោលបញ្ជូនចរន្តអគ្គិសនីចំនួន៣ ដែលបណ្ដាលឱ្យប្រតិបត្តិការរោងចក្ររ៉ែនីកែល នៅតំបន់សាហ្គាអ៊ីងផ្អាកដំណើរការ។
រោងចក្ររ៉ែចិនមួយនេះ ជារោងចក្រជីកនីកែលធំជាងគេបំផុតនៅមីយ៉ាន់ម៉ា ដោយចិនបានធ្វើការវិនិយោគប្រមាណ ៨០០លានដុល្លារកាលពីឆ្នាំ២០០៨ កន្លងទៅ ដែលជាការចូលហ៊ុនគ្នារវាងក្រុមហ៊ុនសហគ្រាសជាប់ចំណាត់ថ្នាក់លេខ១ មីយ៉ាន់ម៉ា និងក្រុមហ៊ុនរដ្ឋចិនជីករ៉ែលោហៈមិនមែនជាដែក (CNMC)។ រោងចក្រនេះជីកបាននីកែល ៨៥ ០០០តោនក្នុងមួយឆ្នាំៗ ដោយរ៉ែប្រភេទនេះនឹងត្រូវធ្វើជាដែកមិនចាប់ច្រេះ។
បើយោងតាមលោក Yee Mon ខាងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាធានាទៅកាន់ភាគីចិនថា ខ្លួនមិនមានគោលនយោបាយណាមួយក្នុងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រទេសជិតខាងនោះទេ។
លោកបានបន្ថែមទៀតថា ការវាយប្រហារបែបនេះអាចជាគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួនរបស់កងកម្លាំងតស៊ូថ្នាក់មូលដ្ឋានខ្លួនតែម្ដង ដោយមិនមែនជាការបញ្ជាពីថ្នាក់លើនៃរដ្ឋាភិបាល NUG នោះទេ នេះក៏ដោយសារតែក្នុងករណីខ្លះ ទាហានរបស់យោធាមជ្ឈិមមីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា Tatmadaw អាចប្រើប្រាស់រោងចក្ររបស់ចិនធ្វើជាមូលដ្ឋានទ័ពរបស់ខ្លួន។
ជាងនេះទៅទៀត លោកបានប្រាប់ទៅខាងចិនវិញថា ខាងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ាធានាថាមិនឱ្យមានរឿងនេះកើតឡើងទេ ប៉ុន្តែលោកក៏សង្កត់ធ្ងន់ថា ការរកស៊ីរបស់បរទេសក៏គួរតែដកខ្លួនចេញឱ្យឆ្ងាយពីការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។
មកទល់ពេលនេះ ស្ថានទូតចិន ឬ ប្រភពពីខាងចិនណាមួយនៅមិនទាន់ធ្វើការឆ្លើយតបនោះទេ ជុំវិញករណីនេះ។
មីយ៉ាន់ម៉ានៅតែស្ថិតក្នុងសភាពអស្ថិរភាព ចាប់តាំងពីរដ្ឋប្រហារយោធាទម្លាក់រដ្ឋាភិបាលស៊ីវិល កាលពីខែកុម្ភៈ ឆ្នាំមុនមក។
ក្រោយពេលរដ្ឋប្រហារយោធា គេសង្កេតឃើញថា សាធារណមតិនៅមីយ៉ាន់ម៉ាមួយចំនួនបង្ហាញពីការមិនសប្បាយចិត្តជាមួយនឹងចិន ដោយចោទចិនថាគាំទ្រការធ្វើរដ្ឋប្រហារនៅប្រទេសរបស់ខ្លួន។ លុះកាលពីខែមីនា ឆ្នាំ២០២១ រោងចក្រចិនមួយចំនួនត្រូវបានដុតបំផ្លាញ ស្របពេលដែលមានការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋអំណាចយោធា។
ស្ថានទូតចិននៅពេលនោះបានចេញសេចក្ដីថ្លែងការណ៍ថា៖ «ចិនជំរុញឱ្យមីយ៉ាន់ម៉ាចាត់វិធានការឱ្យមានប្រសិទ្ធភាពបន្តទៅទៀត ដើម្បីបញ្ឈប់នូវសកម្មភាពហិង្សា ដាក់ទណ្ឌកម្មដល់ជនដៃដល់ទៅតាមច្បាប់ និងធានាការពារសុវត្ថិភាពរបស់ជនជាតិចិន និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនចិននៅមីយ៉ាន់ម៉ា»។
សារព័ត៌មាន Irrawaddy បានចុះផ្សាយថាខាងអាជ្ញាធរយោធាមីយ៉ាន់ម៉ាបានបង្កើនការការពារសន្តិសុខដល់វិនិយោគរបស់ចិន ដោយនាពេលថ្មីៗនេះ ក្រុមទាហានកាន់អំណាចបានពង្រាយមីននៅតាមបណ្ដោយបំពង់បង្ហូរប្រេងពីមីយ៉ាន់ម៉ាទៅប្រទេសចិន។
ចិនហាក់ដូចជាស្និទ្ធស្នាលជាមួយយោធាមីយ៉ាន់ម៉ា ដោយគេសង្កេតឃើញថារដ្ឋាភិបាលចិននិងយោធាមីយ៉ាន់ម៉ាបានជួបប្រជុំថ្នាក់បច្ចេកទេសជាមួយគ្នា ហើយកាលពីពេលថ្មីៗនេះ ចិនក៏បានផ្ដល់ឱ្យនាវាមុជទឹកមួយគ្រឿងទៅឱ្យប្រទេសនេះទៀតផងដែរ។
ទោះជាយ៉ាងណាមិញ មានការចុះផ្សាយមួយចំនួនរៀបរាប់ថា ប្រទេសចិនក៏នៅតែមានប្រព័ន្ធទំនាក់ទំនងជាមួយក្រុមម្ខាងទៀតនៅមីយ៉ាន់ម៉ាផងដែរ។ ជាក់ស្ដែងកាលពីខែកញ្ញាកន្លងទៅ ចិនបានអញ្ជើញគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់អ្នកស្រីអ៊ុងសាន ស៊ូជី ទៅចូលប្រជុំនៅក្នុងសន្និបាតគណបក្សនយោបាយពិភពលោក ដែលរៀបចំដោយចិន៕

ប្រភព៖ The Diplomat