សហរដ្ឋអាមេរិកទាត់ចោលការទាមទាររបស់រុស្ស៊ី ក្នុងការរារាំងអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានច្រានចោលការទាមទារដ៏សំខាន់មួយរបស់រុស្ស៊ី ដែលចង់រារាំងអ៊ុយក្រែនមិនអោយចូលរួមជាមួយអង្គការណាតូ ហើយជឿជាក់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីឈ្លានពានអ៊ុយក្រែន ប៉ុន្តែបានផ្តល់នូវអ្វីដែលខ្លួនហៅថា ជា “ផ្លូវថ្មីមួយចេញពីវិបត្តិ”។
លោក ប្លីងគែន បាននិយាយថា លោកនឹងនិយាយម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះទៅកាន់រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡាវរូវ ដែលលោកបានជួបកាលពីថ្ងៃសុក្រ នៅទីក្រុងហ្សឺណែវ ខណៈគំនិតផ្តួចផ្តើមដាច់ដោយឡែកមួយដោយបារាំងបាននាំមកនូវការសន្យា ដោយទីក្រុងម៉ូស្គូយ៉ាងហោចណាស់ត្រូវបន្តការចរចាជាមួយរដ្ឋាភិបាលអ៊ុយក្រែន។ ប្រមុខការទូតអាមេរិករូបនេះបានឆ្លើយតបទៅនឹងសំណើរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយបញ្ជាក់ថា ប្រទេសរបស់លោកមិនបានផ្លាស់ប្តូរការគាំទ្ររបស់ខ្លួន ចំពោះសិទ្ធិរបស់អ៊ុយក្រែនក្នុងការបន្តសមាជិកភាពណាតូនោះទេ។
ដោយឡែកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូ លោក ចន ស៊ុលលីវេន ក៏បានបញ្ជូនការឆ្លើយតបខាងលើនេះ ទៅកាន់ក្រសួងការបរទេសរុស្ស៊ី ដោយបានលើកឡើងម្តងទៀតនូវសំណើរបស់សហរដ្ឋអាមេរិក ដើម្បីចរចាជាមួយរុស្ស៊ីលើទិដ្ឋភាពមួយចំនួននៃសន្តិសុខអឺរ៉ុបផងដែរ៕ ប្រភព៖ CNA


