រុស្ស៊ី និងអ៊ុយក្រែនព្រមព្រៀងអនុវត្តតាមបទឈប់បាញ់ និងបន្តកិច្ចចរចាថ្មីទៀតនៅខែក្រោយ
ប៉ារីស៖ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នានៅឯកិច្ចប្រជុំក្នុងទីក្រុងប៉ារីសថា គ្រប់ភាគីពាក់ព័ន្ធនឹងបន្តឃ្លាំមើលបទឈប់បាញ់ជាអចិន្ត្រៃយ៍ “ដោយគ្មានលក្ខខណ្ឌ”នៅភាគខាងកើតអ៊ុយក្រែន ខណៈអ្នកការទូតបារាំងបានសាទរការប្រកាសនេះ ដោយនិយាយថា ជា “សញ្ញាវិជ្ជមានមួយ”។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃពុធសប្តាហ៍នេះ ប្រធានអ្នកចរចារបស់រុស្ស៊ីលោក ឌីមីតទ្រី កូហ្សាក់ បាននិយាយថា បទឈប់បាញ់ត្រូវតែបន្តឃ្លាំមើល “ដោយគ្មានលក្ខខណ្ឌ” ប៉ុន្តែបញ្ហាជាច្រើនទៀតនៅភាគខាងកើតអ៊ុយក្រែននៅតែមិនទាន់ដោះស្រាយបាន។ ជាមួយគ្នានេះ អ្នកចរចារបស់អ៊ុយក្រែនលោក អង់ទ្រី យើម៉ាក បាននិយាយថា ភាគីទាំងអស់គាំទ្របទឈប់បាញ់ជាអចិន្ត្រៃយ៍ ហើយអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេច ក្នុងការចរចារគ្រប់ពេល ដើម្បីការពារសង្រ្គាម និងកាត់បន្ថយភាពតានតឹងជុំវិញព្រំដែន។
គួរបញ្ជាក់ថា ការប្រកាសខាងលើនេះបានកើតមានឡើងបន្ទាប់ពីកិច្ចប្រជុំមួយនៅឯវិមាន អេលីហ្សេ ដែលជាការសន្ទនា ៤ផ្លូវរវាងអ្នកតំណាងមកពីអ៊ុយក្រែន រុស្ស៊ី អាល្លឺម៉ង់ និងបារាំង ដែលបាននិងកំពុងព្យាយាមស្វែងរកសន្តិភាពនៅភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីឆ្នាំ ២០១៤៕ ប្រភព៖ CNA



