នាយករដ្ឋមន្រ្តីជប៉ុន៖ រដ្ឋាភិបាលកំពុងប្រមូលព័ត៌មានលំអិតជុំវិញការបាញ់សាកល្បងមីស៊ីល ២គ្រាប់ជាថ្មីទៀតរបស់កូរ៉េខាងជើង
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊ីដា បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា លោកបានដឹងពីរបាយការណ៍ពីកូរ៉េខាងត្បូងអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ហើយរដ្ឋាភិបាលរបស់លោកនឹងបន្តប្រមូលព័ត៌មានបន្ថែម។ នេះជាការបាញ់សាកល្បងមីស៊ីលលើកទី៦ របស់កូរ៉េខាងជើងហើយក្នុងឆ្នាំ២០២២។
លោក គីស៊ីដា បាននិយាយថា វាជាការសោកស្តាយជាខ្លាំង នៅពេលដែលកូរ៉េខាងជើងបានបាញ់តេស្តមីស៊ីលផ្លោងជាបន្តបន្ទាប់ ដោយរំលោភបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បើទោះជាមានការជំទាស់ពីជប៉ុន។ បើតាមយោធាកូរ៉េខាងត្បូងនោះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន ២គ្រាប់ទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយមីស៊ីលដែលពួកគេទើបបាញ់នេះ គឺជាប្រភេទមីស៊ីលបាលីស្ទីក (ballistic missiles) ដែលធ្វើឡើងនៅម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់) ចេញពីតំបន់មួយឈ្មោះ ហាំហាំង (Hamhung) ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសកូរ៉េខាងជើង។
បើតាមប្រភពពីប្រទេសជប៉ុនវិញ គ្រាប់មីស៊ីលកូរ៉េខាងជើងខាងលើនេះ ទំនងជាបានធ្លាក់នៅតំបន់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃសមុទ្រជប៉ុន។ វាបានកើតមានឡើង បន្ទាប់ពីការធ្វើតេស្តបាញ់មីស៊ីលគ្រូស (cruise missile) ចំនួន ២គ្រាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលត្រូវជាលើកទី ៥ សម្រាប់ដើមឆ្នាំ ២០២២៕ ប្រភព៖ NHK និង CNA



