អគារសិក្សា១ ខ្នង២ជាន់ ស្មើរ១២ បន្ទប់ រួមនិងសមិទ្ធផលនានា សរុបជាថវិកាជាង ៤០ម៉ឺនដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង

កំពង់ចាម ៖ សមិទ្ធផលថ្មីរួមមាន អគារសិក្សា១ ខ្នង២ជាន់ ស្មើរ១២ បន្ទប់ រួមនិងសមិទ្ធផលនានា សរុបជាថវិកា ៤០៨,១៤០ ដុល្លារ ត្រូវបានរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង ខ.ភ.ម និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២នេះ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ ។

ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ថ្លែងថា សមិទ្ធផលដែលលេចជារូបរាងនាពេលនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិយើងមានសន្តិភាពពេញលេញទូទាំងប្រទេស។ ដូច្នេះ “សន្តិភាព” គឺមានតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែរីកចម្រើនខ្លាំងទ្វេរឡើងបន្ថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វ ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

ឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត, អមដោយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ, អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណជិត ២,០០០នាក់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា និងសមិទ្ធផលនានា នៅក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

គួរបញ្ជាក់ថា សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ រួមមានអគារសិក្សា១ ខ្នង២ជាន់ ស្មើរ១២ បន្ទប់ រួមនឹងសមិទ្ធផលនានា សរុបជាថវិកា ៤០៨,១៤០ ដុល្លារ។ សមិទ្ធផលខាងលើគឺជាចំណងដៃដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ព្រមទាំងសប្បុរសជន ដែលជាអតីតសិស្សនៃវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹងនេះ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner