កិច្ចការពារធនធានធម្មជាតិ និងអភិរក្សបរិស្ថាន បានធ្វើឱ្យខេត្តរតនគិរី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពបៃតង និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកាន់តែច្រើនឡើង
រតនគិរី ៖ ឯកឧត្តម មួង ប៉ាង អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា កិច្ចការពារធនធានធម្មជាតិ និងអភិរក្សបរិស្ថាន បានធ្វើឱ្យខេត្តរតនគិរី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពបៃតង និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកាន់តែច្រើនឡើង ។ ឯកឧត្តម លើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២២ របស់មន្ទីរបរិស្ថាន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដែលបានប្រារព្ធធ្វើនៅមន្ទីរបរិស្ថានខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ឯកឧត្តមអភិបាលរងខេត្តបន្តថា ការអភិរក្សធនធានធម្មជាតិសព្វថ្ងៃ ខេត្តមានតំបន់គ្រប់គ្រងដោយសហគមន៍មូលដ្ឋាន តំបន់ឧទ្យានជាតិ ដែនជម្រកសត្វព្រៃលំផាត់ ដែលសរុបជាផ្ទៃដីប្រមាណជាង៧០ម៉ឺនហិកតា ក្នុងនោះខេត្តក៏បានបង្កើតសហគមន៍ តំបន់ការពារធម្មជាតិបានចំនួន១០សហគមន៍ផងដែរ។ សមិទ្ឋិផលទាំងអស់នេះធ្វើអោយខេត្តរតនគិរី ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានភាពបៃតង និងទេសចរជាតិ-អន្តរជាតិ ចូលមកទស្សនាកាន់តែកើនឡើង។ ហើយតំបន់សក្តានុពលទេសចរណ៍បានបង្កើន ចំណូលដោយផ្ទាល់ និងប្រយោលជូនដល់សហគមន៍មូលដ្ឋាន ពិសេសតំបន់វាលធំ បឹងលំកុដ បឹងយក្សឡោម បឹងយក្សម៉ាយ និងតំបន់ផ្សេងៗទៀត ដែលបានចូលរួមចំណែកជួយដល់វិស័យទេសចរណ៍ក្នុងខេត្ត។
ឯកឧត្តម ផៃ ប៊ុនឈឿន បានវាយតម្លៃខ្ពស់លើលទ្ធផលការងាររបស់មន្ទីរបរិស្ថានខេត្តរតនគិរី ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងារបានយ៉ាងល្អប្រសើរ។ ឯកឧត្តម បានស្នើដល់បណ្តាអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក បន្តជម្រុញកិច្ចគាំពារបរិស្ថាន និងអភិរក្សជីវៈចម្រុះជាមួយមន្ទីរបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព ការគ្រប់គ្រងអោយកាន់តែល្អប្រសើរបន្ថែមទៀត ។
ក្នុងឱកាសនោះ ឯកឧត្តម ផៃ ប៊ុនឈឿន ក៏បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ របស់ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ប្រគល់ជូនមន្ទីរបរិស្ថានខេត្ត ដើម្បីធ្វើការបែងចែកជូនមន្រ្ដីឧទ្យានុរក្សផងដែរ៕ដោយ គតិ យុត្ត






