យោធាមីយ៉ាន់ម៉ាថាខ្លួនមិនមានគម្រោងរំលាយគណបក្សអ្នកស្រីអ៊ុងសាន ស៊ូជីនោះទេ

រដ្ឋ​អំណាច​យោធា​មីយ៉ាន់ម៉ា​មិនមាន​គម្រោង​ក្នុង​ការ​រំលាយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ដែល​ជា​គណបក្ស​ដឹកនាំ​ដោយ​អ្នក​ស្រី​ អ៊ុងសាន ស៊ូជី នោះ​ទេ។ នេះ​បើ​តាម​ការ​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​អ្នក​នាំ​ពាក្យ​កំពូល​របស់​យោធា​មីយ៉ាន់ម៉ា​លោក Zaw Min Tun។

ឧត្ដមសេនីយ៍​ទោ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន​នីកេ​ថា៖ «យើង​មិន​មាន​ផែនការ​ក្នុង​ការ​រំលាយ​ [គណបក្ស NLD] រហូត​ដល់​ការ​បោះឆ្នោត​ខែ​សីហា ឆ្នាំ​២០២៣​ទេ»។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​កត់​សម្គាល់​ថា ការ​សម្រេច​ចិត្ត​នេះ​គឺ​ផ្អែក​លើ​ការ​ចាត់​ចែង​របស់​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​។

បន្ថែម​ពី​នេះ​ដែរ លោក​ក៏​បាន​គូស​បញ្ជាក់​ថា គណបក្ស​ NLD ជា​អ្នក​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ក្នុង​ការ​ចូល​រួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០២៣។

កាល​ពី​ខែ​សីហា ឆ្នាំ​មុន លោក មីន អ៊ុងឡាំង ប្រមុខ​យោធា​មីយ៉ាន់ម៉ា​បាន​ប្រកាស​តែងតាំង​ខ្លួន​ឯង​ជា​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​នៃ​ប្រទេស​នេះ ហើយ​កំណត់​យក​ឆ្នាំ២០២៣ ជា​ពេល​វេលា​នៃ​ការ​បោះឆ្នោត​។

ការ​បោះឆ្នោត​នេះ​គឺ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០០៨ ដែល​បម្រុង​ទុក​កៅអី​ ២៥% នៅ​សភា​ជាន់​ទាប និង​ជាន់​ខ្ពស់​ទុក​សម្រាប់​បេក្ខជន​មក​ពី​ខាង​យោធា ហើយ​យោធា​នៅ​តែ​កាន់កាប់​ក្រសួង​សំខាន់ៗ​ដូច​ជា​ ក្រសួង​ការពារ​ជាតិ ក្រសួង​មហាផ្ទៃ និង​ក្រសួង​កិច្ចការ​ព្រំដែន។ នេះ​បើ​តាម​ការ​លើកឡើង​របស់​លោក មីន អ៊ុងឡាំង​កាល​ពី​ឆ្នាំ​មុន។

ការ​រំលាយ​គណបក្ស​ NLD ជា​ជម្រើស​មួយ​ដែល​ក្នុង​រង្វង់​រដ្ឋាភិបាល​យោធា​គិតគូរ​ចាប់​តាំង​ពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ខែ​កុម្ភៈ ឆ្នាំ២០២១​មក​ម្ល៉េះ។ យោធា​មីយ៉ាន់ម៉ា​បាន​យោង​ហេតុ​ផល​ថា រដ្ឋាភិបាល​ស៊ីវិល​ដែល​ដឹកនាំ​ដោយ​គណបក្ស NLD ជា​អ្នក​បង្ក​ឱ្យ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត និង​ជ្រៀតជ្រែក​ដល់​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះឆ្នោត​សហព័ន្ធ​មីយ៉ាន់ម៉ា (UEC)។

ជាក់ស្ដែង​កាល​ពី​ប្រជុំ​រវាង​គណបក្ស​នយោបាយ​នៅ​មីយ៉ាន់ម៉ា​ ប្រធាន​ UEC ដែល​តែងតាំង​ដោយ​យោធា​មីយ៉ាន់ម៉ា លោក Thein Soe បាន​លើកឡើង​ថា ខាង UEC កំពុង​តែ​គិតគូរ​ក្នុង​ការ​រំលាយ​គណបក្ស​ NLD។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មីយ៉ាន់ម៉ា។

យ៉ាងណាមិញ សារព័ត៌មាន​នីកេ​បាន​ស្រង់​យក​ប្រភព​ពី​អ្នក​ការទូត​នៅ​ទីក្រុង​យ៉ាំងហ្គន​ថា៖ «ផែនការ​ដំបូង​គឺ​ចង់​រំលាយ​គណបក្ស NLD តែ​ខាង​រដ្ឋាភិបាល​ហាក់ដូចជា​គិតគូរ​ថា​ផ្អាក​ការ​សម្រេច​ចិត្ត​នេះ ហើយ​គិត​រឿង​អី​ផ្សេង​ទៀត​។ ម្យ៉ាង​ទៀត​ មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស NLD ត្រូវ​បាន​ចាប់​ខ្លួន​អស់​ហើយ ដូច្នេះ​ការ​រំលាយ​បក្ស​នេះ​មិន​ផ្ដល់​លទ្ធផល​ជា​ដុំកំភួន​នោះ​ទេ»។

សមាជិក NLD ចំនួន ៦៤៩រូប​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​ក្រោយ​មក​ ១៤៦នាក់​ត្រូវ​បាន​ដោះលែង ខណៈ ១៤នាក់​បាន​បាត់​បង់​ជីវិត។ ដូច្នេះ​ហើយ​នៅ​ក្បែរ ៥០០នាក់​ទៀត​នៅ​កំពុង​ឃុំ​ខ្លួន និង​ជាប់​នៅ​ក្នុង​នីតិវិធី​តុលាការ។ ចំណោម​នោះ​ដែរ​ក៏​មាន​អ្នក​ស្រី អ៊ុងសាន ស៊ូជី ផង​ដែរ ដោយ​នៅ​ពេល​នេះ​អ្នកស្រី​ជាប់​ទោស ៦ឆ្នាំ ហើយ​នៅ​សល់​ជាង ១០ករណី​ទៀត​ ដែល​មិន​ទាន់​កាត់​ទោស។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​គឺ អ្នក​នាំ​ពាក្យ​យោធា​មីយ៉ាន់ម៉ា​ខាង​លើ​បាន​ធ្វើ​ការ​បែងចែក​ថា នៅ​ក្នុង​ចំណោម​អ្នក​នយោបាយ​គណបក្ស NLD មាន​អ្នក​ជំហរ​ប្រឆាំង​ដាច់​ខាត និង​អ្នក​ជំហរ «កណ្ដាល»។

លោក Zaw Min Tun បាន​អះអាង​ថា សមាជិក NLD តែ ១ ភាគ ៤ ប៉ុណ្ណោះ​បាន​ចូល​រួម​ជាមួយ​រដ្ឋាភិបាល​រួបរួម​ជាតិ​មីយ៉ាន់ម៉ា (NUG) ដែល​ជា​រដ្ឋាភិបាល​ស្រមោល ហើយ​ត្រូវ​បាន​ក្រុម​យោធា​ចាត់​ទុក​ថា​ជា «អង្គការ​ភេរវកម្ម»។

«ក្រៅ​ពី​នេះ​គឺ​ប្រកាន់​ខ្ជាប់​នូវ​គោលនយោបាយ​ក្នុង​ការ​ធ្វើ​ការ​ប្រកប​ដោយ​សន្តិភាព»។ នេះ​បើ​តាម​ការ​បន្ត​បន្ថែម​របស់​អ្នក​នាំពាក្យ​រូប​នេះ។

អ្នក​ជំហរ​ «កណ្ដាល» មក​ពី​បក្ស NLD នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជាមួយ​គណៈប្រតិភូ​របស់​អាស៊ាន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​យោធា​មីយ៉ាន់ម៉ា។ នេះ​អាច​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខាង​យោធា​ក្នុង​ការ​អនុវត្ត​គោលការណ៍​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ចំនួន ៥ចំណុច​ ដែល​ដាក់​ចេញ​ដោយ​មេដឹកនាំ​អាស៊ាន​កាល​ពី​ប្រជុំ​ក្រៅ​ផ្លូវការ​នៅ​ទីក្រុង​ហ្សាការតា កាល​ពី​ខែ​មេសា ឆ្នាំ២០២១។

សារព័ត៌មាន​ក្នុង​ស្រុក​មីយ៉ាន់ម៉ា​មួយ​ចំនួន​បាន​ចំនួន​បាន​ចុះ​ផ្សាយ​ ភាគី​ចិន​បាន​ផ្ដល់​យោបល់​ថា ការ​រំលាយ​គណបក្ស​ NLD អាច​នឹង​បង្ក​អស្ថិរភាព​កាន់​តែ​ខ្លាំង។

ជាមួយ​នឹង​ចំណុច​នេះ លោក Zaw Min Tun បញ្ជាក់​ថា​ចិន​ពិត​ជា​ផ្ដល់​យោបល់​ដូច្នេះ​មែន តែ​ប្រទេស​ផ្សេង​ក៏​ផ្ដល់​មតិ​ស្រដៀង​គ្នា​នេះ​ដែរ។

យ៉ាងណាមិញ អ្នក​តាម​ដាន​មួយ​ចំនួន​យល់​ថា ស្ថានភាព​នៅ​មីយ៉ាន់ម៉ា​បាន​ដើរ​ចេញ​ពី​ការ​ប្រជែង​គ្នា​រវាង​អ្នកស្រី អ៊ុងសាន ស៊ូជី និង​យោធា​មីយ៉ាន់ម៉ា​ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ។

អតីត​ទីប្រឹក្សា​រដ្ឋាភិបាល និង​សភា​មីយ៉ាន់ម៉ា​លោក Philipp Annawitt បាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​ The Diplomat កាល​ពី​ពេល​ថ្មីៗ​នេះ​ថា៖ «សហគមន៍​អន្តរជាតិ​ត្រូវ​តែ​យល់​ថា កម្លាំង​ប្រឆាំង​ចាស់​របស់​អ្នក​ស្រី​ អ៊ុងសាន ស៊ូជី ទល់​នឹង​ក្រុម​ឧត្ដមសេនីយ៍ មិនមែន​ជា​ការ​បកស្រាយ​ត្រឹមត្រូវ​ទៀត​ឡើយ​អំពី​ស្ថានភាព​នៅ​មីយ៉ាន់ម៉ា»។

លោក Annawitt ​យល់​ឃើញ​ថា រដ្ឋាភិបាល​ស្រមោល NUG ក៏​ដូច​ជា​កងកម្លាំង​របស់​ខ្លួន និង​សម្ព័ន្ធមិត្ត​ក៏​ដូច​ជា អង្គការ​ប្រដាប់​អាវុធ​ជនជាតិ​ភាគ​តិច ជា​តួអង្គ​ជំរុញ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ស្ថានភាព​នយោបាយ​មីយ៉ាន់ម៉ា៕

ប្រភព៖ Nikkie Asia

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner