ប្រព័ន្ធអ៊ីនធឺណិតកូរ៉េខាងជើងសង្ស័យថារងការវាយប្រហារ ក្រោយមានបញ្ហាជាច្រើនម៉ោង
ប្រព័ន្ធអ៊ីនធឺណិតកូរ៉េខាងជើងត្រូវបានក្រុមអ្នកស្រាវជ្រាវសង្ស័យថារងការវាយប្រហារពីការចែកចាយប្រព័ន្ធបដិសេធអ៊ីនធឺណិត (DDoS) ស្របពេលដែលអ៊ីនធឺណិតនៅប្រទេសមួយនេះបានជាប់គាំងអស់រយៈពេល ៦ម៉ោងកាលពីថ្ងៃពុធកន្លងទៅ។ នេះបើតាមការអះអាងរបស់ក្រុមអ្នកស្រាវជ្រាវផ្នែកសន្តិសុខអ៊ីនធឺណិត។
លោក Junade Ali អ្នកស្រាវជ្រាវអង់គ្លេសមួយរូប ដែលតាមដានប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធសារអេឡិចត្រូនិកកូរ៉េខាងជើងបានប្រាប់សារព័ត៌មានរ៉យទ័រថា នៅអំឡុងពេលដែលមានការវាយប្រហារខ្លាំងទៅ គ្រប់ចរាចរណ៍នៃប្រព័ន្ធអ៊ីនធឺណិតកូរ៉េខាងជើងទាំងអស់ត្រូវបានជាប់គាំង។
ការវាយប្រហារបែប DdoS ជាការវាយប្រហារដោយក្រុមហេគ័រធ្វើឱ្យបណ្ដាញអ៊ីនធឺណិតមានភាពមមាញឹកជាងពេលធម្មតា ដោយការដាក់បញ្ចូលនូវទិន្នន័យជាច្រើន ហើយជាលទ្ធផលធ្វើឱ្យប្រព័ន្ធអ៊ីនធឺណិតគាំងដំណើរការ។
ប៉ុន្មានម៉ោងក្រោយមក ប្រព័ន្ធដែលទទួលរ៉ាប់រងសារអេឡិចត្រូនិកអាចចូលប្រើប្រាស់បាន ប៉ុន្តែប្រព័ន្ធគេហទំព័រមួយចំនួនដូចជា ក្រុមហ៊ុនអាកាសចរណ៍ Air Koryo គេហទំព័រក្រសួងការបរទេសកូរ៉េខាងជើង និងរដ្ឋាភិបាលកូរ៉េខាងជើងនៅមានភាពរអាក់រអួលនៅឡើយ។
យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ថា ក្រុមណាមួយជាមុខសញ្ញានៅពីក្រោយការវាយប្រហារនេះទេ៕

ប្រភព៖ Reuters