សម្តេចតេជោ ៖ វ៉ាក់សាំងទាំងជាជំនួយ និងការបញ្ជារទិកចំនួន ៨លានដូស នឹងមកដល់នៅឆមាសទី១ ឆ្នាំនេះ
ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន អាកាសឫស្សីកែវ នៅលើបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវ សាលាដែក ជាប់ខាងជើងឃ្លាំងស្ដុក ប្រេងឥន្ធនៈសូគីម៉ិចឫស្សីកែវ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា វ៉ាក់សាំង ៨លានដូស ដែលក្នុងនោះជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីមិត្តចិន ចំនួន ៥លានដូស បញ្ជាទិញ៣លានដូសបន្ថែមទៀត នឹងមកដល់នៅឆមាសទី១ ឆ្នាំនេះ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា គិតត្រឹមព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ វ៉ាក់សាំងនៅក្នុងឃ្លាំងរបស់យើង មានជាង៩លានដូស តែខ្ញុំ បានចេញបទបញ្ជាឲ្យទិញបន្ថែម ដំបូងឲ្យទិញ៥លានដូស ពេលជួបទូតចិន គាត់ថា មិនបាច់ទិញទេ ទុកលុយទៅ ចិននឹងផ្តល់ជូន ៥លានដូស អីចឹងខ្ញុំឲ្យទិញតែ ៣លានដូសទេ។ ខ្ញុំចង់ទិញ ៨លានដូសថែមទៀតមកចូលឃ្លាំង ប៉ុន្តែថ្ងៃមុននៅពេលដែលអគ្គរដ្ឋទូតចិន ជួបឯកឧត្តម ហោ ណាំហុង គាត់ថានឹងផ្តល់ជំនួយជូនកម្ពុជាតាមតម្រូវការ ឥឡូវគាត់ឲ្យ៥លានដូស បូកនឹងទិញបន្ថែម ៣លានដូសទៀត សរុប ៨លានដូសនឹងមកដល់នៅឆមាសទី១ ឆ្នាំ២០២២នេះ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ កម្ពុជា បានចាក់វ៉ាក់សាំងដូសទី៣ បានប្រមាណ ៦លាននាក់ ដូច្នេះបងប្អូន ដែលដល់ពេលវេលាត្រូវចាក់ជូនបន្តទៀត ខណៈដូសទី៤ កំពុងចាក់ជូនមន្ត្រីជួរមុខ។ សម្តេច បានអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ បំប្លែងថ្មី អូមីក្រុង ដែលមានការឆ្លងរាលដាលលឿន ដោយត្រូវបន្តអនុវត្តន៍វិធានសុខាភិបាល ៣ការពារ ៣កុំ ៕ ដោយ វណ្ណលុក




