ព្រឹទ្ធសភាអាមេរិកកាន់តែខិតជិតការអនុម័តច្បាប់ដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីហើយ ជុំវិញវិបត្តិអ៊ុយក្រែន
វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាអាមេរិកឈានមុខពីររូបបានអោយដឹងថា ព្រឹទ្ធសភាកាន់តែខិតជិតដល់ការអនុម័តច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើរុស្ស៊ីហើយ ជុំវិញសកម្មភាពឈ្លានពានលើអ៊ុយក្រែន ក្នុងនោះមានទាំងវិធានការដែលប្រហែលជាមានប្រសិទ្ធភាព មុនពេលសកម្មភាពផ្ទុះអាវុធណាមួយកើតមានឡើងទៀតផង។
ជាមួយគ្នានេះ សមាជិកសភាអាមេរិកលោក បប់ ម៉េនិនដេស មកពីគណបក្សប្រជាធិបតេយ្យជាប្រធានគណកម្មាធិការទំនាក់ទំនងអន្តរជាតិ បាននិយាយថា មានការតាំងចិត្តទ្វេភាគីខ្លាំងណាស់ ដើម្បីជួយគាំទ្រអ៊ុយក្រែន និងដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើប្រទេសនេះធ្វើសកម្មភាពយោធាលើអ៊ុយក្រែន។ បើតាមជំនួយការព្រឹទ្ធសភាអាមេរិក មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលលោក ចូ បៃដិន នឹងធ្វើសន្និសីទសង្ខេបមួយសម្រាប់សមាជិកព្រឹទ្ធសភាអាមេរិកទាំងអស់នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ខណៈមេដឹកនាំសភាអាមេរិកក៏បានស្នើអោយធ្វើសន្និសីទស្តីពីស្ថានភាពនេះផងដែរ។ លោក បប់ ម៉េនិនដេស និងលោក ជេមស៍ រីស៍ សមាជិកព្រឹទ្ធសភាកំពូលរបស់គណបក្សសាធារណៈសង្ឃឹមថា សេចក្តីសម្រេចអាចធ្វើឡើងនាសប្តាហ៍នេះ។
បើតាមការរំពឹងទុកនោះ ច្បាប់ព្រឹទ្ធសភាអាមេរិកនឹងដាក់គោលដៅសំខាន់លើធនាគាររុស្ស៊ី និងបំណុលរបស់រុស្ស៊ី ព្រមទាំងបន្ថែមជំនួយយោធាអាមេរិកទៅអ៊ុយក្រែន។ ទណ្ឌកម្មខ្លះអាចមានប្រសិទ្ធភាព មុនពេលសកម្មភាពយោធាណាមួយរបស់រុស្ស៊ីបានកើតឡើងថែមទៀត៕ ប្រភព៖ Reuters

