សហរដ្ឋ​អាមេរិកសម្តែងការព្រួយ​បារម្ភ​ថា កូរ៉េខាងជើង​វិលត្រឡប់​ទៅរក​ការសាកល្បង​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​ឆ្លង​ទ្វីប ICBM ​ឡើងវិញ

វ៉ាស៊ីនតោន៖ នៅថ្ងៃអាទិត្យម្សិលមិញ មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយរូបនិយាយថា ប្រទេសរបស់ខ្លួន​ព្រួយបារម្ភ​ថា ​ការធ្វើតេស្ត​មី​ស៊ី​ល​ជាបន្តបន្ទាប់​​របស់​កូរ៉េ​ខាងជើង ​អាច​ជា​សញ្ញា​ប្រាប់​ឱ្យដឹង​មុន​អំពី​ការបន្ត​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ផ្លោង​អន្តរ​ទ្វីប ដោយ​ជំរុញ​ឱ្យ​ទីក្រុង​ព្យុងយ៉ាង​ចូលរួម​ការចរចា​ដោយ​ផ្ទាល់​ដោយ​គ្មាន​បុរេ​លក្ខខណ្ឌ​។​

​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋបាលលោក ចូ បៃដិ​ន ​រូបនោះ​ បាននិយាយយ៉ាងដូច្នេះថា យើង​ច្បាស់​ណាស់ ​គឺ​មិន​ចង់​ឃើញ​ការសាកល្បង​បន្ថែម​ទៀត​ទេ ហើយ​យើង​សូម​អំពាវនាវ​ដល់​កូរ៉េខាងជើង​អោយទប់​អារម្មណ៍​ខ្លួនឯង​កុំ​សាកល្បង​អាវុធ​បន្ថែមទៀត​​។​ បើតាមមន្រ្តីដដែលនេះ ​ការបាញ់​សាកល្បង​ចុងក្រោយ​នេះ​បាន​ធ្វើឱ្យ​កូរ៉េខាងជើង​ឈាន​មួយ​ជំហាន​កាន់តែ​ខិត​ជិត​ការលុបចោល​ទាំងស្រុង​នូវ​ការផ្អាក​ដែល​ប្រកាស​ដោយ​ខ្លួនឯង​អំពី​ការសាកល្បង​មី​ស៊ី​ល​​ផ្លោង​ឆ្លង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​បំផុត​របស់​ខ្លួន (ICBMs) ដែល​ខ្លួន​មិន​បាន​សាកល្បង​តាំងពី​ឆ្នាំ ២០១៧។

គួរបញ្ជាក់ថា​ ស្ថិតក្រោម​ការដឹកនាំ​របស់​លោក ចូ បៃ​ដិន សហរដ្ឋអាមេរិក​បាន​ស្វែងរក​ការចរចា​ជាមួយ​កូរ៉េខាងជើង​ម្តង​ហើយ​ម្តងទៀត ប៉ុន្តែ​ទីក្រុងព្យុងយ៉ាង​ទាមទារ​អោយ​អាមេរិក​ទម្លាក់ចោល​គោលនយោបា​យ​​អរិភាព រួម​ទាំង​ការបន្ធូរបន្ថយ​ទណ្ឌកម្ម មុន​ខ្លួន​បន្ត​ការចរចា តែទីក្រុងវ៉ាស៊ីនតោន​នៅ​រក្សា​ការ​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ដដែល​៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner