ឯកឧត្តម អ៊ី ឈាន ចុះកិច្ចព្រមព្រៀងស្ដីពីគម្រោងអភិវឌ្ឍន៍ដី អតីតយុទ្ធជន

អត្ថបទដោយ៖
Kien Sereyvuth

នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ និងក្រុមហ៊ុន អូរីជីន អហ្វ ប្រស្តើរើស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក បានចុះកិច្ចព្រមព្រៀង ស្ដីពីគម្រោងអភិវឌ្ឍន៍មណ្ឌលកំសាន្តទេសចរណ៍ធម្មជាតិ កសិ-ឧស្សាហកម្ម កសិ-ទេសចរណ៍ សួនឧស្សាហកម្ម រោងចក្រកែច្នៃ កម្មន្តសាល និងតំបន់សេដ្ឋកិច្ចពិសេស ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ។

បន្ទាប់ពីតំណាងក្រុមហ៊ុន អូរីជីន និងនាយកក្រុមហ៊ុន អូរំដែន បានធ្វើបទបង្ហាញពីគម្រោងអភិវឌ្ឍន៍លើដីអតីតយុទ្ធជន ក្នុងខេត្តកំពង់ឆ្នាំង រួចមក, ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុក កោសា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានឲ្យដឹងថា៖ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពេរជាតិ និងក្រុមហ៊ុន អូរីជីន បានចុះលើអនុសារណៈយោគយល់គ្នា ក្នុងរយៈពេលបីខែមុន ហើយថ្ងៃនេះបានចុះលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដំណើរការគម្រោងអភិវឌ្ឍន៍នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គម្រោងនេះ ដើម្បីគ្រប់គ្រង និងជួយដល់អតីតយុទ្ធជនកម្ពុជា ប្រែក្លាយដីអតីតយុទ្ធជនឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទំនើបកម្ម។
ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានមានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះៗរបស់សម្តេចតេជោ នាយរដ្ឋមន្ត្រីបានឲ្យប្រទេសជាតិកម្ពុជាមានសុខសន្តិភាព១០០% ហើយរាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីគោលនយោបាយជាច្រើន ដោយធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

តែទោះបីយ៉ាងនេះក្តី ក៏នៅមិនទាន់បំពេញនូវសំណូមពរនិងតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជានៅនោះឡើយទេ ជាពិសេសសម្រាប់ការអភិវឌ្ឍន៍ ខ.ភ.ម របស់យើង។ ឯកឧត្តម បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងរវាងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាមួយនិងក្រុមហ៊ុន អូរីជីន នាពេលនេះ ពិតជាមានសារៈសំខាន់បំផុត សមស្របតាមគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រជាជន។

ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន សង្ឃឹមថា យោធិននៃ ខ.ភ.ម និងអតីតយុទ្ធជនរបស់យើង ពិតជាបានរស់នៅប្រកបដោយភាពសុខដុមរមនា តាមរយៈគម្រោងអភិវឌ្ឍន៍មណ្ឌលកំសាន្តទេសចរណ៍ធម្មជាតិ កសិ-ឧស្សាហកម្ម កសិ-ទេសចរណ៍ សួនឧស្សាហកម្ម រោងចក្រកែច្នៃ កម្មន្តសាល និងតំបន់សេដ្ឋកិច្ចពិសេស រវាងនាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ជាមួយនិងក្រុមហ៊ុន អូរីជីន អហ្វ ប្រស្តើរើស (ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក នាពេលនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner