កម្លាំងកងរាជអាវុធហត្ថ ស្រុកជាំក្សាន្ត ឃាត់ខ្លួនជនសង្ស័យពីរនាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់

ព្រះវិហារ ៖ ជនសង្ស័យពីរនាក់ ត្រូវបានចាប់ឃាត់ខ្លួន ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ពីបទរក្សាទុក និងចែកចាយបន្ត នូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង ១០-៣០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ ។ នេះបើយោងតាមរបាយការណ៍របស់កងរាជអាវុធហត្ថស្រុក ដែលអង្គភាពទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ប្រចាំខេត្តព្រះវិហារទទួលបាន ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការរង ទទួលបន្ទុកការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុហត្តខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ត្រី ពេជ្រ សុភី មេបញ្ជាការស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយប្រើប្រាស់នូវរថយន្តពីរគ្រឿង កម្លាំងសរុបចំនួន ៥នាក់ ។

បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក ប្រើប្រាស់ និងចែកចាយ បន្តនូវសារធាតុញៀនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យពីរនាក់ មានឈ្មោះ វង្ស សាវឿន ភេទស្រី អាយុ ៥០ឆ្នាំ មុខរបបមិនពិតប្រាកដ, និងឈ្មោះ សេង ទួន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបប មិនពិតប្រាកដ ទាំងពីរនាក់ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុ ជាំក្សាន្ត ខេត្តព្រះវិហារ ។

វត្ថុតាងរួមមាន ០១/ថ្នាំញៀនប្រភេទម៉ាទឹកកក ពណ៌សថ្លាចំនួន ០៦កញ្ចប់តូច ។ ០២/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ ។ ០៣/កាកសំណល់ថ្នាំញៀនជាច្រើនកញ្ចប់ ដែលជនសង្ស័យឈ្មោះ វង្ស សាវឿន បានដុតបំផ្លាញចោល រួមនឹងសម្ភារៈសំរាប់ជក់មួយចំនួនទៀត ។ លោកបន្តថា បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់ ៕ សួន លីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner