ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបង្ហាញ​ការព្រួយបារម្ភ​ខ្លាំង ជុំវិញការបន្ត​ដាក់​ប្រទេស​ក្នុងស្ថានភាព​គ្រាអាសន្ន​នៅ​មី​យ៉ាន់​ម៉ា

យូអិន៖ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ​(UNSC​) នៅ​ថ្ងៃ​ពុធសប្តាហ៍នេះ បានបង្ហាញការព្រួយបារម្ភ​យ៉ាងជ្រាលជ្រៅ ខណៈដែល​យោធា​នៅ​មី​យ៉ាន់​ម៉ា​បន្ត​ដាក់​ប្រទេស​​ក្នុងស្ថានភាព​គ្រាអាសន្ន និង​បាន​ជំរុញ​អោយ​មាន​កិច្ចពិភាក្សា ​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​​ស្រប​តាម​ឆន្ទៈ ​និង​ផលប្រយោជន៍​របស់​ប្រជាជន​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ ដែល​កត់សំគាល់​ខួប​មួយ​ឆ្នាំ ​នៃ​រដ្ឋប្រហារ​ថ្ងៃ ​១​កុម្ភៈ ក្រុមប្រឹក្សា​ដែល​មាន​សមាជិក ​១៥ ​ប្រទេស​ជា​ថ្មីម្តង​ទៀត​បាន​ទទូច​អោយ​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់​ឃុំខ្លួន​ដោយ​​បំពាន ក្នុងនោះមាន​មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូ ជី និង​ប្រធានាធិបតីមីយ៉ាន់ម៉ាលោក ​វីន ម្យី​ន​។​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិក៏​បាន​អំពាវនាវ​អោយ​បញ្ឈប់​អំពើហិង្សា​ទាំងអស់​នៅ​ទូទាំង​ប្រទេស, ការពារ​ជន​ស៊ីវិល, ថ្កោលទោស​ការវាយប្រហា​រលើ​ហេដ្ឋារចនាសម្ពន្ធ ទីតាំង​សុខាភិបាល​ និង​អប់រំផងដែរ​។

​គួរបញ្ជាក់ថា រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​កាល​ពី​មួយ​ឆ្នាំ​មុន ​បាន​បង្ក​កូដកម្ម​បាតុកម្ម​នៅ​ទូទាំងប្រទេស​ ដែល​នាំ​ដល់​ការបង្ក្រាប​ដោយ​កម្លាំងប្រដាប់អាវុធ ​និង​សម្លាប់​មនុស្ស​ប្រមាណ​ ១ពាន់៥រយ​នាក់ ​និង​ប្រមាណ​ ១ម៉ឺន១ពាន់៨រយ​នាក់​​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន។ នេះ​បើ​តាម​តួលេខ​របស់​ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner