ឯកអគ្គរដ្ឋទូតរុស្ស៊ីព្រមានជប៉ុនកុំអោយចូលរួមជាមួយលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ ជុំវិញវិបត្តិអ៊ុយក្រែន
តូក្យូ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសជប៉ុនលោក Mikhail Galuzin បានព្រមានទីក្រុងតូក្យូកុំឱ្យចូលរួមជាមួយប្រទេសលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មលើទីក្រុងម៉ូស្គូ ជុំវិញវិបត្តិអ៊ុយក្រែន។
នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតូក្យូ នៅថ្ងៃពុធសប្តាហ៍នេះ លោក Mikhail Galuzin បានបញ្ជាក់ជាថ្មីពីជំហររបស់ទីក្រុងម៉ូស្គូ ដែលថា ការពង្រីកខ្លួនរបស់អង្គការណាតូ គឺមិនអាចទទួលយកបានឡើយចំពោះរុស្ស៊ី។ lok Galuzin បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួនថា មានគោលបំណងរក្សាការត្រួតត្រា និងឥទ្ធិពលរបស់បស្ចិមប្រទេសលើពិភពលោក ខណៈពេលដែលមិនអើពើទាំងស្រុង ចំពោះការពិតជាក់ស្តែងដែលថា ពិភពលោកបានក្លាយជាពហុប៉ូលរួចទៅហើយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតមិនបានច្រានចោលការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទ្រង់ទ្រាយធំទេ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ ជុំវិញបញ្ហានេះដែរ លោក Galuzin បាននិយាយថា ការដាក់ទណ្ឌកម្មនឹងមានន័យស្មើនឹងការផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី៕ ប្រភព៖ NHK



