ព្រះមហាក្សត្រកម្ពុជាយាងចូលរួមពិធីសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទៅចូលរួមពិធីសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ហើយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ព្រះអង្គនឹងយាងមាតុភូមិនិវត្តន៍មកកម្ពុជាវិញ។ ចិនបានទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួនទៀត បានអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះមហាក្សត្រយាងទៅចូលរួមពិធីបើកសម្ពោធព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំងប្រទេសចិន។
នៅក្នុងទំព័រហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានសរសេរថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។ សម្តេចក៏បានថ្វាយព្រះពរដល់ព្រះមហាក្សត្រប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាពតរៀងទៅ។
គួររម្លឹកថា នៅក្នុងកិច្ចសន្ទនាលើកទី២ ស្តីពីការផ្លាស់ប្តូរ និងការស្វែងយល់ពីអារ្យធម៌រវាងគ្នា ជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននាពេលកន្លងមកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាបាននិងកំពុងការពារស្មារតីអូឡាំពិក រក្សាភាពបរិសុទ្ធនៃចលនាអូឡាំពិក គាំទ្រការរួបរួម និងមិត្តភាព ហើយប្រឆាំងនឹងចលនាបំបែកបំបាក់ និងនិន្នាការប្រឆាំងស្មារតីអូឡាំពិក នឹងបន្តប្រឆាំងរាល់ទម្រង់នៃនយោបាយនីយកម្មអូឡាំពិក និងនយោបាយនីយកម្មកីឡា ហើយទន្ទឹងរង់ចាំជោគជ័យទាំងស្រុងនៃកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង ដែលប្រទេសចិនជាម្ចាស់ផ្ទះ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានបញ្ជាក់ថា ក្នុងនាមជាប្រទេសជិតខាង និងជាដៃគូជិតស្និទ្ធ កម្ពុជា និងចិនបានបង្កើតនិងថែរក្សាចំណងមិត្តភាព «ដែកថែប» ដែលមិនអាចបំបែកបាន ដែលឆ្លងកាត់ការសាកល្បង និងការលំបាកផ្សេងៗជាច្រើនក្នុងប្រវត្តិសាស្ត្រ។ ទំនាក់ទំនងដ៏រឹងមាំរវាងប្រជាជន និងប្រជាជននៃប្រទេសយើងទាំងពីរ បង្កើតបានជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរីកចម្រើនជាបន្តបន្ទាប់នៃកិច្ចសហប្រតិបត្តិការជាមិត្តភាពរវាងកម្ពុជានិងចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ត្រូវបានពង្រឹងលើគ្រប់វិស័យ។
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់ថា កម្ពុជា គឺជាប្រទេសជិតខាងល្អជាប្រពៃណីរបស់ចិន ហើយបានគាំទ្រយ៉ាងមុតមាំចំពោះភាគីចិន ជាម្ចាស់ផ្ទះនៃការរៀបចំកីឡាអូឡាំពិករដូវរងានេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ទៀតថា ព្រះករុណាព្រះមហាក្សត្រ គឺជាមិត្តចាស់របស់ប្រជាជនចិន។ យើងខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គ ដែលនឹងស្ដេចយាងមកកាន់ប្រទេសចិន ដើម្បីយាងជាសក្ខីជនក្នុងឱកាសជាប្រវត្តិសាស្ត្រ ដែលរដ្ឋធានីប៉េកាំង នឹងក្លាយជាទីក្រុងលើកដំបូងក្នុងការរៀបចំកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា។
សូមជម្រាបថា គុណតម្លៃរបស់កីឡាអូឡាំពិកនេះ ត្រូវបានប្រជាជន និងប្រទេសចិនគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិដែលជាពិសេសកីឡាអូឡាំពិករដូវរងា ២០២២។ នេះគឺជាតឹកតាងបញ្ជាក់កាន់តែប្រត្យក្សបន្ថែមទៀតថា នេះជាវេទិកាកីឡាដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការកសាងសហគមន៍រួមជោគវាសនាមនុស្សជាតិ។ ប្រទេសចិនធ្លាប់បានធ្វើជាម្ចាស់ផ្ទះពិធីប្រកួតកីឡាអូឡាំពិករដូវក្តៅកាលពីខែសីហាឆ្នាំ២០០៨ ហើយទទួលបាននូវការចាប់អារម្មណ៍ និងសាទរពីពិភពលោកទាំងមូល។ នៅឆ្នាំ២០២២នេះ សហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ជាងមុនលើប្រទេសចិនក្នុងកម្មវិធីដ៏មហិមានៃការធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិករដូវរងា២០២២។ គួរបញ្ជាក់ថា រដ្ឋធានីប៉េកាំង គឺជារដ្ឋធានីទី១លើលោក ដែលបានរៀបចំការប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា ហើយការប្រកួតកីឡាអូឡាំពិករដូវរងា នៅរដ្ឋធានីប៉េកាំងនឹងក្លាយជាការប្រកួតកីឡាអូឡាំពិកបែបបៃតងបំផុតក្នុងប្រវត្តិសាស្ត្រ៕
ដោយៈពលជ័យ