សហរដ្ឋអាមេរិកត្រៀមបញ្ជូនកងទ័ពបន្ថែម ៣ពាន់នាក់ទៅកាន់តំបន់អឺរ៉ុប ចំពេលអ៊ុយក្រែនមានភាពតានតឹងជាមួយរុស្ស៊ី
មន្រ្តីអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពបន្ថែមជិត ៣ពាន់នាក់ទៅកាន់ប្រទេសប៉ូឡូញ និងរ៉ូម៉ានី ដើម្បីជាខែលការពារតំបន់អឺរ៉ុបខាងកើត ចំពេលមានការដាក់ពង្រាយកម្លាំងយោធារ៉ាប់ម៉ឺនរបស់រុស្ស៊ីនៅក្បែរព្រំដែនអ៊ុយក្រែន។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា ការដាក់ពង្រាយនេះគឺស្របទៅនឹងអ្វីដែលលោកបានប្រាប់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ដរាបណាគាត់កំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លា យើងនឹងធ្វើឱ្យប្រាកដថា យើងអាចធានាដល់សម្ពន្ធមិត្តណាតូរបស់យើង និងអឺរ៉ុបខាងកើតថា យើងនឹងនៅទីនោះដែរ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយនៅលើ Twitter។ ដោយឡែកអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក John Kirby បានបញ្ជាក់ថា ការដាក់ពង្រាយកងទ័ពខាងលើនេះ ក្នុងនោះរួមមានកងទ័ពអាមេរិក ១ពាន់នាក់ ដែលបច្ចុប្បន្នកំពុងឈរជើងនៅអាល្លឺម៉ង់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរ៉ូម៉ានី ខណៈកងទ័ព ២ពាន់នាក់ផ្សេងទៀតនឹងត្រូវដាក់ពង្រាយពីសហរដ្ឋអាមេរិកទៅកាន់អាល្លឺម៉ង់ និងប៉ូឡូញ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិករូបនេះក៏បានអះអាងដែរថា កងទ័ពទាំងនេះ នឹងមិនឈរជើងជាអចិន្ត្រៃយ៍ឡើយ ហើយពួកគេក៏នឹងមិនទៅចូលរួមប្រយុទ្ធនៅក្នុងសមរភូមិណាមួយនៅអ៊ុយក្រែននោះដែរ៕ ប្រភព៖ CNA និងស៊ីនហួរ



