ប្រមុខអង្គការណាតូស្វាគមន៍ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនកងទ័ពបន្ថែមទៅកាន់តំបន់អឺរ៉ុប

វ៉ាស៊ីនតោន៖ អគ្គលេខាធិការអង្គការណាតូលោក ជេនស៍ ស្តូថែនប៊ឺគ បានសម្តែងការស្វាគមន៍ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនកងទ័ព ៣ពាន់នាក់បន្ថែមទៅកាន់ប្រទេសអឺរ៉ុបចំនួន ៣ ដោយនិយាយថា ជាការចូលរួមចំណែកថ្មីៗផ្សេងទៀតរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសន្តិសុខរួមគ្នារបស់អង្គការណាតូ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបញ្ជាក់ថា ការដាក់ពង្រាយនេះគឺស្របទៅនឹងអ្វីដែលលោកបានប្រាប់សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថា ដរាបណាគាត់កំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លា យើងនឹងធ្វើឱ្យប្រាកដថា យើងអាចធានាដល់សម្ពន្ធមិត្តណាតូរបស់យើង និងអឺរ៉ុបខាងកើតថា យើងនឹងនៅទីនោះដែរ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​លើ Twitter។ ដោយឡែកអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក John Kirby បានបញ្ជាក់ថា ការដាក់ពង្រាយកងទ័ពខាងលើនេះ ក្នុងនោះរួមមានកងទ័ពអាមេរិក ១ពាន់នាក់ ដែលបច្ចុប្បន្នកំពុងឈរជើងនៅអាល្លឺម៉ង់ នឹងត្រូវបញ្ជូនទៅកាន់ប្រទេសរ៉ូម៉ានី ខណៈកងទ័ព ២ពាន់នាក់ផ្សេងទៀតនឹងត្រូវដាក់ពង្រាយពីសហរដ្ឋអាមេរិកទៅកាន់អាល្លឺម៉ង់ និងប៉ូឡូញ។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិករូបនេះក៏បានអះអាងដែរថា កងទ័ពទាំងនេះ នឹងមិនឈរជើងជាអចិន្ត្រៃយ៍ឡើយ ហើយពួកគេក៏នឹងមិនទៅចូលរួមប្រយុទ្ធនៅក្នុងសមរភូមិណាមួយនៅអ៊ុយក្រែននោះដែរ៕ ប្រភព៖ Sputniknews និង CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner