អនុវិស័យចំនួន៣ របស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិត ផល ទាំងនោះទៅក្រៅប្រទេស បើប្រៀបធៀបទៅនឹងឆ្នាំមុន រីឯអនុ វិស័យជលផលមានការធ្លាក់ចុះបន្តិច

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ការងារអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ មានវឌ្ឍនភាពគួរឲ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិតផលទាំងនោះទៅក្រៅប្រទេស បើប្រៀបធៀបទៅនឹងឆ្នាំមុន រីឯអនុវិស័យជលផលមានការធ្លាក់ចុះបន្តិច។

ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ដូចនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំចង្អៀតមួយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម នៃការងារកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំកន្លងមក និងទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២២នេះ បន្ទាប់ពីក្រសួងបានបញ្ចប់កិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំនៃអគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម កាលពីរសៀលថ្ងៃទី០៣  ខែកុម្ភៈ  ឆ្នាំ២០២២ ​។

ឯកឧត្តមបន្តថា   សម្រាប់វិស័យកសិកម្ម ក្រសួងបានខិតខំឈ្មុសឈ្មុលរួមគ្នាធ្វើទំនើបកម្ម វិស័យ​កសិកម្ម​កម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព បង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីប្រែក្លាយវិស័យកសិកម្មពីដំណាក់កាលនៃការអភិវឌ្ឍតាមបែបវិបុលកម្ម ពោលគឺពឹងផ្អែកជាសំខាន់លើធនធានដែលមានស្រាប់ ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតលើប្រពលវប្បកម្ម ដោយគឺពឹងផ្អែកជាសំខាន់លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីទំនើប និងការអភិវឌ្ឍយន្តូបនីយកម្ម ដើម្បីលើកកម្ពស់ផលិត​ភាព ពិពិធកម្មដំណាំដែលមានសក្តានុពល និងទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈពាណិជ្ជកម្ម ធានាឲ្យបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ បង្កើនការងារនៅមូលដ្ឋាន បង្កើនប្រាក់ចំណូលក្នុងគ្រួសារ សំដៅធានាឲ្យបាននូវបរិមាណផ្គត់ផ្គង់កសិផលប្រកបដោយគុណភាព និងសុវត្ថិភាព ស្របតាមស្តង់ដារតម្រូវការរបស់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ដើម្បីធ្វើការនាំចេញ និងការកាត់បន្ថយការនាំចូល ។

ជាមួយនឹងវឌ្ឍនភាពដូចបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងអំពី បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តជូនដល់ថ្នាក់ដឹកនាំទទួលបន្ទុកតាមអង្គភាពនីមួយៗ និងបានធ្វើការណែនាំឲ្យជួយផ្សព្វផ្សាយ តាមដានជាប្រចាំ ឆ្លើយតបឱ្យបានទាន់ពេលវេលានូវបញ្ហាប្រឈមដែលបានកើតឡើងតាមអនុវិស័យនីមួយៗក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner