កម្ពុជាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានទេ (Video Inside)

ភាពមិនរីកចម្រើនទៅមុខនៃការអនុវត្តកិច្ចព្រមព្រៀង៥ចំណុចដែលជាផែនទីចង្អុលផ្លូវរបស់អាស៊ាន បានជម្រុញ ឱ្យប្រទេសជាសមាជិកអាស៊ានបានឯកភាពការមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំ ចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ។ កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានលើកពេលកាលពីខែ មករាកន្លងមក ត្រូវបានកំណត់ពេលធ្វើសាឡើងវិញនៅថ្ងៃទី១៦និង១៧កុម្ភៈនៅក្នុងខេតុ្តសៀមរាបនៃប្រទេស កម្ពុជា។

មន្ត្រីនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ត្រូវបានសារព័ត៌មានក្នុងស្រុក ដកស្រង់ប្រសាសន៍ដែល បញ្ជាក់នៅថា ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា នឹងមិនអញ្ជើញរដ្ឋមន្ត្រី​ការបរទេសរបស់ក្រុម ប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេល ខាងមុខនោះទេ ដោយសារមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ប៉ុន្តែគេនឹងស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូនអ្នកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយ មក​ជំនួសវិញ។

លោក ជុំ សុន្ទរី បានថ្លែងបញ្ជាក់ថា គេលើកទឹកចិត្តមីយ៉ាន់ម៉ាឱ្យរកតំណាងដែលមិនជាប់ពាក់ព័ន្ធនយោបាយចូលរួមប្រជុំ ជា ជាងការទុកកៅអីឱ្យនៅទំនេរ, ហើយវាអាស្រ័យលើមីយ៉ាន់ម៉ានភក្នុងការសម្រេចចិត្តថា តើ«អ្នកតំណាងដែល មិនជាប់ពាក់ព័ន្ធនយោបាយ» នឹងបញ្ជួនមកនោះ ជានរណា។ ភាគីមីយ៉ាន់ម៉ា នៅមិនទាន់មានប្រតិកម្មឆ្លើយតប វិញភ្លាមជុំវិញសេចក្តីសម្រេចនោះទេ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន គឺជាកិច្ចប្រជុំមួយ ក្នុងចំណោមកិច្ចប្រជុំសំខាន់ៗ ចំនួន៤ ក្នុងពេល ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្រាប់ឆ្នាំ២០២២នេះ។ កិច្ចប្រជុំសំខាន់ដទៃទៀតរួមមាន កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៥៥ ដែលធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា, កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានដែលត្រូវធ្វើឡើងនៅខែវិច្ឆិកា និងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ ដែលគ្រោងធ្វើឡើង នៅខែវិច្ឆិកាឆ្នាំ២០២២នោះផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner