រដ្ឋបាលខេត្តបាត់ដំបងបើកកិច្ចប្រជុំជាមួយក្រុមការងារអនុគណៈកម្មការដឹកនាំនិងចុះអនុវត្ត នូវការរៀបចំសណ្តាប់ធ្នាប់សោភ័ណភាពនៅក្នុងក្រុងបាត់ដំបង
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដឹកនាំបើកកិច្ចប្រជុំ ជាមួយក្រុមការងារអនុគណៈកម្មការរៀបចំសណ្តាប់ធ្នាប់សោភ័ណភាពក្រុងបាត់ដំបង ដែលពាក់ព័ន្ធនូវគម្រោងក្នុងការក្នុងការរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាព នៃតំបន់កណ្តាលក្នុងទីប្រជុំជនក្រុង-ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២២នេះ ដោយផ្តោតសំខាន់លើគោលគំនិតចម្បងៗមួយចំនួនដើម្បីធ្វើឲ្យទីក្រុងមានសណ្តាប់ធ្នាប់ប្រសើរឡើងវិញនិងដើម្បីឲ្យស័ក្តិសមឆ្លើយតបជាទីក្រុងជ័យលាភីនៃទីក្រុងស្អាតរបស់ខេត្តបាត់ដំបង ដែលបានជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាតអាស៊ាន នាពេលថ្មីៗកន្លងមកនេះ។
កិច្ចប្រជុំនេះក៏បានឆ្លុះបញ្ចាំង និងស្តាប់ នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងាររបស់ក្រុមការងារអនុគណៈកម្មការសណ្តាប់ធ្នាប់ សោភ័ណភាពក្រុង-ខេត្តបាត់ដំបង ដែលបានគូសបញ្ជាក់ដោយឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង ដែលបានលើកឡើង និងបានបង្ហាញពីគោលគំនិត និងសកម្មភាពដែលត្រូវចុះអនុវត្តនិងរៀបចំនៅពេលខាងមុខនេះ។
តាមរយៈកិច្ចប្រជុំដែលមានសមាសភាពវត្តមានចូលរួមពីឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត ឯកឧត្តម ឧត្តមសេនីយទោ នៃស្នងការដ្ឋាននគរបាលខេត្ត លោកអភិបាលក្រុង និងថ្នាក់ដឹកនាំបណ្តាស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តនិងកងកម្លាំងទាំង៣ បានផ្តោតការពិភាក្សានូវគោលគំនិត មតិយោបល់ដើម្បីធ្វើការឆ្លុះបញ្ចាំងនិងដាក់ជូនសុំយោបល់ពីឯកឧត្តមអភិបាលខេត្ត មុនឈានដល់ការចុះអនុវត្តការងារផ្ទាល់ឆាប់ៗនេះ។
ក្នុងការពិនិត្យ ពិភាក្សា និងធ្វើការពិចារណាយ៉ាងល្អិតល្អន់លើគោលគំនិតផ្តួចផ្តើម និងតាមរយៈនៃការធ្វើបទបង្ហាញដោយមន្ត្រីជំនាញពាក់ព័ន្ធសំខាន់ៗរបស់សាលាខេត្ត សាលាក្រុង មន្ទីរជំនាញពាក់ព័ន្ធជាពិសេសមន្ទីរទេសចរណ៍ខេត្តដោយបានផ្តោតនូវគោលបំណងសំខាន់មួយចំនួន ដូចជា៖ ការរៀបចំឲ្យមាននូវផ្លូវថ្មើរជើងក្នុងក្រុងបាត់ដំបង ការរៀបចំសំយ៉ាបផ្ទះឲ្យមានសណ្តាប់ធ្នាប់នៅតាមផ្ទះនិងការដាក់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងតំបន់កណ្តាលក្រុងបាត់ដំបង ជាដើម។ ការរៀបចំឲ្យមានចំណតរថយន្តនិងរៀបចំនូវសណ្តាប់ធ្នាប់នៅជុំវិញផ្សារណាត់។ការរៀបចំឲ្យមានវិថីទេសចរណ៍ឡើងវិញ (PubStreet) នៅតាមផ្លូវលេខ២កន្លះ (ក្នុងក្រុង) និងការរៀបចំកែសម្រួលទីតាំងផ្សាររាត្រី និងពីការកំណត់ការតាំងលក់ ការរុះរើចេញឥវ៉ាន់ចេញពីទីតាំងក្រោយពីបញ្ចប់ការលក់ដូរ ជាដើម។ ជាមួយគ្នានេះផងដែរ អង្គប្រជុំក៏បានស្តាប់នូវរបាយការណ៍សង្ខេបរបស់ឯកឧត្តម ធូ ភា អភិបាលរងខេត្តបាត់ដំបងតាមរយៈនៃការធ្វើបទបង្ហាញអំពីវឌ្ឍនភាពការងារ របស់អនុគណៈកម្មការ អនាម័យបរិស្ថានដោយបានផ្តោតនូវការពិក្សានិងកំណនូវវិធានការក្នុងការអនុវត្តជាក់ស្តែងចំពោះមុខ។
ក្នុងកិច្ចប្រជុំគ្រប់សមាសភាពថ្នាក់ដឹកនាំ និងស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ បានឯកភាពជាឯកច្ឆ័ន្ទក្នុងការសម្រេចចិត្តដើម្បីធ្វើឲ្យគោលគំនិតផ្តួចផ្តើមក្នុងការរៀបចំកែលម្អនូវសណ្តាប់ធ្នាប់សោភ័ណភាពក្នុងក្រុងបាត់ដំបង ទទួលបាននូវលទ្ធផលផ្លែផ្កានៅពេលឆាប់ៗ ខាងមុខនេះ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានផ្តល់នូវការលើកទឹកចិត្តនិងឯកភាពក្នុងការសម្រេចចិត្តនូវគោលគំនិតខាងលើ ដែលអង្គប្រជុំបានលើកយកមកពិភាក្សានិងបានធ្វើការពិចារណា មុនឈានដល់ការចុះអនុវត្ត ដើម្បីធ្វើយ៉ាងណាឲ្យទីក្រុងបាត់ដំបង បានស្អាតមានសណ្តាប់ធ្នាប់ល្អ ប្រកបដោយសោភ័ណភាពស្រស់បំព្រងនិងស័ក្តិសមជាទីក្រុងនៃជ័យលាភីជាប់ចំណាត់ថ្នាក់ “ទីក្រុងស្អាតអាស៊ាន”ដែលខេត្តបាត់ដំបងយើង ទើបតែទទួលបានក្នុងពេលថ្មីៗនេះ៕ ( អត្ថបទ- រូបភាព៖ អ៊ុក សំអាន បប )