ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសទទួលស្គាល់សមាភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសសមាភាពគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សមាសភាពដែលត្រូវប្រកាសទទួលស្គាល់ក្នុងពិធីនេះ មានចំនួន៣៣២នាក់ តំណាងឱ្យសមាសភាពជាង២ពាន់នាក់ ដែលបានទទួលស្គាល់ដោយសហភាពសហព័ន្ធយុវជនកម្ពុជា មកពីតំណាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជនចំនួន១១៤ នៅទូទាំងប្រទេស។
នាឱកាសនោះ ឯកឧត្តម ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ) បានរាយការណ៍សង្ខេបអំពីលទ្ធផលជោគជ័យរបស់ក្រុមប្រឹក្សា ក្នុងការបំពេញភារកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម ស សុខា បានសង្កត់ធ្ងន់លើសមិទ្ធផលការងារជាច្រើនដែលសម្រេចបាន ទោះបីកម្ពុជាបានរងឥទ្ធិពលដោយសារជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។
ចំណែកឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវការកោតសរសើរអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនសម្រេចបានលើសផែនការកំណត់។ ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ទៀតថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើតចលនាយុវជនមួយមានឈ្មោះថា «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ» ដែលមានសសរស្ដម្ភចំនួន៩ ព្រមទាំងបានលើកឡើងអំពីមូលហេតុ និងគោលបំណងនៃការបង្កើត«ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា» ដែលមានតួនាទីធ្វើជាសេនាធិការឱ្យប្រធាន ស.ស. យ.ក. និងមានភារកិច្ចបំពេញការងារសំខាន់ៗជាច្រើន ដើម្បីជាប្រយោជន៍ដល់យុវជនប្រមាណជាង ២០ម៉ឺននាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជននាពេលបច្ចុប្បន្ន។
សូមជម្រាបថា គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជនមានឯកឧត្តមបណ្ឌិត ហេង វ៉ាន់ដា ប្រធាន។ គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋមានឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា ជាប្រធាន។ គណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក ប្រចាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈរដ្ឋចំណុះក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ មានឯកឧត្តម ហេង សួរ ជាប្រធាន៕
ដោយៈពលជ័យ



