រដ្ឋមន្ត្រីការពារជាតិអាមេរិក កូរ៉េខាងត្បូង និងជប៉ុនជួបប្រជុំគ្នាពាក់ព័ន្ធនឹងការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក ឡយដ៍ អូស្ទីន (Lloyd Austin) បានជួបពិភាក្សាតាមរយៈប្រព័ន្ធទូរស័ព្ទជាមួយសមភាគីនៃប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនគឺ កូរ៉េខាងត្បូង និងជប៉ុន អំពីបញ្ហាកូរ៉េខាងជើង។ នេះបើតាមការចុះផ្សាយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ក្នុងកិច្ចពិភាក្សាកាលពីថ្ងៃពុធកន្លងទៅ រដ្ឋមន្ត្រីទាំង ៣បានធ្វើការសង្កត់ធ្ងន់ថា «ការបាញ់មីស៊ីលបាលីស្ទិកកំពុងតែធ្វើឱ្យសន្តិសុខតំបន់ជួបអស្ថិរភាព ហើយទង្វើនេះជាការរំលោភយ៉ាងច្បាស់ទៅនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំទាំង ៣ក៏បានគូសបញ្ជាក់ថា សម្ព័ន្ធមិត្តត្រីភាគីរវាងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូងមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាកូរ៉េខាងជើងនេះ។
បន្ថែមពីនេះ អស់លោករដ្ឋមន្ត្រីការពារជាតិទាំង ៣រូបនេះបានសន្យាថាជួបពិភាក្សាគ្នាដោយផ្ទាល់បន្ថែមទៀត តែចំពោះកាលបរិច្ឆេទវិញនឹងព្រមព្រៀងនៅពេលក្រោយទៅទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអាមេរិក។
កាលពីខែមករាកន្លងទៅ កូរ៉េខាងជើងបានបាញ់ធ្វើតេស្តមីស៊ីលចំនួន ៧ដង ដោយបាញ់មីស៊ីលប្រភេទផ្សេងៗគ្នា ដែលរួមបញ្ចូលទាំងការបាញ់មីស៊ីលអេពែរសូនិក និងមីស៊ីលបាលីស្ទិកទៀតផង៕

ប្រភព៖ The Straits Times