រុស្ស៊ី និងចិនចុះកិច្ចព្រមព្រៀងប្រេង និងឧស្ម័នថ្មី ស្របពេលមានភាពតានតឹងជាមួយលោកខាងលិច
រុស្ស៊ី និងចិនបានធ្វើការចុះកិច្ចព្រមព្រៀងប្រេង និងឧស្ម័នថ្មីមួយ ដែលមានតម្លៃសរុបប្រមាណ ១១៧,៥ប៊ីលានដុល្លារ ស្របពេលដែលប្រទេសមហាអំណាចទាំងពីរមានភាពតានតឹងជាមួយប្រទេសលោកខាងលិច។
កិច្ចព្រមព្រៀងនេះគឺត្រូវបានចុះដោយក្រុមហ៊ុនថាមពលរបស់រដ្ឋរុស្ស៊ី Gazprom និងក្រុមហ៊ុនប្រេងឥន្ធនៈជាតិចិន (CNPC) កាលពីសប្ដាហ៍មុន។ តាមរយៈកិច្ចព្រមព្រៀងនេះដែរ រុស្ស៊ីនឹងធ្វើការផ្គត់ផ្គង់ប្រេង និងឧស្ម័នចំនួនប្រមាណ ៤៨ប៊ីលានម៉ែត្រគីបក្នុងមួយឆ្នាំ។ រុស្ស៊ីនឹងធ្វើការបញ្ជូនប្រេង និងឧស្ម័នទាំងនេះតាមបំពង់ ដែលស្ថិតនៅភាគខាងកើតទឹកដីរុស្ស៊ី។
អ្នកនាំពាក្យវិមានក្រិមឡាំងលោក Dmitry Peskov បានលើកឡើងថា កិច្ចព្រមព្រៀងនេះមានរយៈពេល ២៥ឆ្នាំ ចំណែកឯប្រភពពីខាងចិនវិញបានអះអាងថា កិច្ចព្រមព្រៀងនេះមានរយៈពេលរហូតដល់ទៅ ៣០ឆ្នាំឯណោះ។
លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ីបានលើកឡើងអំឡុងជំនួបជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិនកាលពីសប្ដាហ៍មុនថា៖ «អ្នកជីកប្រេងរបស់យើងបានត្រៀមនូវដំណោះស្រាយថ្មីមួយពាក់ព័ន្ធនឹងការផ្គត់ផ្គង់អ៊ីដ្រូកាបូនទៅកាន់សាធារណរដ្ឋប្រជាមានិតចិន»។
ប្រធានាធិបតីទាំងពីរបានជួបគ្នានៅមុនពេលព្រឹត្តិការណ៍អូឡាំពិករដូវរងានៅទីក្រុងប៉េកាំងបានចាប់ផ្ដើម។
បើតាមការគណនារបស់សារព័ត៌មានរ៉យទ័រ គ្រាន់តែលក់ប្រេងតែមួយមុខ (នៅមិនទាន់គិតដល់ឧស្ម័ន) រុស្ស៊ីអាចរកចំណូលបាន ៣៧,៥ប៊ីលានដុល្លារក្នុងរយៈពេល ២៥ឆ្នាំខាងមុខនេះ។
ជាមួយគ្នានេះដែរ កិច្ចព្រមព្រៀងប្រេង និងឧស្ម័នថ្មីនេះអាចជាកិច្ចខិតខំរបស់ចិនក្នុងការស្វះស្វែងរកថាមពលសម្រាប់ផ្គត់ផ្គង់ទៅឱ្យតម្រូវការក្នុងស្រុករបស់ខ្លួន។ នេះបើតាមការវិភាគរបស់សារព័ត៌មាននីកេរបស់ជប៉ុន។
កាលពីឆ្នាំមុន ចិនមានកង្វះថាមពលអគ្គិសនី ស្របពេលដែលដែលអូស្ត្រាលីបញ្ឈប់ការផ្គត់ផ្គង់ធ្យូងថ្មទៅឱ្យខ្លួន ក្រោយពេលដែលទំនាក់ទំនងរវាងអូស្ត្រាលី និងចិនមានការធ្លាក់ចុះយ៉ាងខ្លាំងនាមួយរយៈចុងក្រោយនេះ។
អូស្ត្រាលីកាលពីឆ្នាំ២០២០បានចូលដៃជាមួយអាមេរិកក្នុងការអំពាវនាវឱ្យការស៊ើបអង្កេតដោយឯករាជ្យស្វែងរកប្រភពនៃជំងឺកូវីដ-១៩។ ចាប់តាំងពីពេលនោះមក ចិន និងអូស្ត្រាលីមានបញ្ហាពាណិជ្ជកម្មជាមួយគ្នារហូតដល់កើតមានក្ដីក្ដាំដល់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ទៀតផង។
បន្ថែមពីនេះទៅទៀត កិច្ចព្រមព្រៀងនេះក៏អាចជាប្រយោជន៍យ៉ាងសំខាន់មួយសម្រាប់រុស្ស៊ីផងដែរ។
បច្ចុប្បន្ននេះដែរ រុស្ស៊ីកំពុងតែប្រឈមមុខគ្នាជាមួយប្រទេសអឺរ៉ុប និងសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងបញ្ហាអ៊ុយក្រែន ដូច្នេះហើយក្នុងករណីណាដែលរុស្ស៊ីឈប់ផ្គត់ផ្គង់ទៅកាន់អឺរ៉ុប នោះរុស្ស៊ីអាចលក់ប្រេង និងឧស្ម័ននៅទីផ្សារប្រជាជន ១,៤ប៊ីលាននាក់នៅស្រុកចិន៕

ប្រភព៖ Nikkie Asia