កាកបាទក្រហមកម្ពុជា បានដាក់បញ្ចូលការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅក្នុងផែនការយុទ្ធសាស្ត្រចំនួន ៣ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់ដោយសារគ្រឿងផ្ទុះ

ពោធិ៍សាត់ ៖ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា បានដាក់បញ្ចូលការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅក្នុងផែនការយុទ្ធសាស្ត្រ ចំនួន ៣ រួចហើយ គឺយុទ្ធសាស្ត្រ ២០០១-២០១០ និងយុទ្ធសាស្ត្រ២០១១-២០២០ ហើយក៏បានបញ្ចូលទៅយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមានដោយសារគ្រឿងផ្ទុះ ក្នុងការងារផ្សេងៗរបស់សាខាទាំង ២៥រាជធានីខេត្ត ។

ឯកឧត្តម យូ ឡាណា ថ្លែងបែបនេះ ក្នុងពិធីផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពិមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅអនុវិទ្យាល័យហ៊ុនសែនថ្មដា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ឯកឧត្តមអគ្គលេខាធិការរងទី២ មានប្រសាសន៍ទៀតថា “សកម្មភាពអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ២០០១ ក្នុងខេត្តគោលដៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ ជាដំបូង យើងបានជ្រើសរើសអ្នស្ម័គ្រចិត្តតាមសហគមន៍គោលដៅចំនួន ៧៥០នាក់ និងយុវជនកាកបាទក្រហមចំនួន ១០៥០នាក់ ដើម្បីធ្វើការបណ្តុះបណ្តាលការយល់ដឹងអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ។ បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ ២.១២៣.៩៥៦នាក់ បានចូលរួមយល់ដឹងអំពីការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាក់ស្តែងតាមរបាយការណ៍របស់អាជ្ញាធរមីនកម្ពុជា បានបង្ហាញថា ចំនួនជនរងគ្រោះបានថយចុះពី ៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ ក្នុងឆ្នាំ២០២១ កន្លងទៅ ។

ឯកឧត្តមអគ្គលេខាធិការរងទី២ មានប្រសាសន៍បន្ថែមទៀតថា “កាកបាទក្រហមកម្ពុជា មានសេវាផ្តល់ប្រាក់កម្ចីខ្នាតតូចឥតការប្រាក់ ដែលប្រើប្រាស់ថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងថវិការបស់ គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) កាកបាទក្រហមកូរ៉េ ក្នុងការជួយគាំទ្រជនងាយរងគ្រោះ និងរងគ្រោះក្នុងសហគមន៍ ដូចជាគ្រួសាររងគ្រោះ ដោយសារមីន គ្រួសាររងគ្រោះដោយទឹកជំនន់ គ្រួសារយោធិនពិការ គ្រួសារអតីតយុទ្ធជន និងគ្រួសារយុទ្ធជន ដើម្បីប្រកបរបរកសិកម្ម ឬធ្វើអាជីវកម្មខ្នាតតូចផ្សេងៗ ក្នុងការរកប្រាក់ចំណូលកែលម្អជីវភាពរស់នៅ និងបង្កើនភាពធន់មាំការពារហានិភ័យនៃគ្រោះមហន្តរាយតាមរយៈការផ្ដល់សម្ភារៈ និងទុនក្នុងទំហំទឹកប្រាក់ ១.០០០.០០០រៀល (មួយលានរៀល ឬ ២៥០ដុល្លាអាមេរិក) ហើយត្រូវបង់សងរំលស់ប្រចាំខែតាមកិច្ចសន្យា ដើម្បីបានផ្ដល់ទៅអ្នកថ្មីខ្ចីបន្តបន្ទាប់ទៀត។”

ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានអំពាវនាវដល់ ឯកឧត្តម លោកជំទាវ គណៈកម្មាធិការសាខាកាកបាទក្រហមទាំង ២៥រាជធានីខេត្ត ក្រុមប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចតិ្ត សូមបន្តយកចិត្តទុកដាក់ ដោយបញ្ជ្រាបសកម្មភាពផ្សព្វផ្សាយពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅក្នុងការងារផ្សេងៗរបស់សាខា ហើយចំពោះបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកុមារា កុមារី ពេលឃើញមីន ឬវត្ថុដែលសង្ស័យថាជាមីន ឬគ្រាប់មិនទាន់ផ្ទុះ ត្រូវរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ឬប្រតិបត្តិករបោសសម្អាតមីន ហើយសង្ឃឹមនិងជឿជាក់ថាបន្ទាប់ពីបងប្អូនប្រជាពលរដ្ឋដែលបានទទួលចំណេះដឹងនាពេលនេះ សូមបន្តចែករំលែក ទៅក្រុមគ្រួសារ បងប្អូន មិត្តភ័ក្រ្ត ដើម្បីឲ្យប្រទេសកម្ពុជារបស់យើង សម្រេចបាននូវចក្ខុវិស័យតាមផែនការយុទ្ធសាស្ត្រជាតិ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥”៕ ដោយ / សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner