អ.ស.ប៖ អ៊ីរ៉ាក់ បង្ហើយសំណងសង្គ្រាមឈូងសមុទ្រពែរក្សដែលមានចំនួនសរុប ៥២,៤ ប៊ីលានដុល្លាររបស់ខ្លួន
ហ្សឺណែវ៖ គណៈកម្មការផ្តល់សំណងរបស់អង្គការសហប្រជាជាតិ (UNCC) និយាយកាលពីថ្ងៃពុធថា ប្រទេសអ៊ីរ៉ាក់បានបញ្ចប់ការបង់ប្រាក់ចំនួន ៥២,៤ ប៊ីលានដុល្លារ ដើម្បីផ្តល់សំណងដល់បុគ្គល ក្រុមហ៊ុន និងរដ្ឋាភិបាលដែលទាមទារសងការខូចខាតដោយសារតែការឈ្លានពាន និងការកាន់កាប់ប្រទេសគុយវ៉ែតរបស់ខ្លួនក្នុងឆ្នាំ ១៩៩០។
គណៈកម្មការ ដែលបង្កើតឡើងដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បន្ទាប់ពីការកាន់កាប់គុយវ៉ែតរយៈពេល៧ខែ និងការយកឈ្នះរបស់សហរដ្ឋអាមេរិកលើកងទ័ពរបស់មេដឹកនាំអ៊ីរ៉ាក់លោក Saddam Hussein ក្នុងសង្គ្រាមឈូងសមុទ្រពែរក្ស បានទទួលចំណែកនៃប្រាក់ចំណូលពីការលក់ប្រេងអ៊ីរ៉ាក់។ អត្រានេះប្រែប្រួលក្នុងរយៈពេល ៣០ ឆ្នាំ ហើយថ្មីៗនេះគឺស្មើនឹង ៣ ភាគរយ។
សរុបជារួម ការទាមទារសំណងចំនួន ២,៧ លាន ដែលមានតម្លៃជាង ៣៥២,៥ ប៊ីលានដុល្លារ ត្រូវបានគេដាក់ស្នើឡើង ប៉ុន្តែ UNCC បានអនុម័តការទូទាត់សរុបចំនួន ៥២,៤ ប៊ីលានដុល្លារ គ្របដណ្តប់លើការទាមទារដោយជោគជ័យចំនួន ១,៥ លាន។ ការទាមទារដ៏ធំបំផុតដែល UNCC បានអនុម័ត គឺការខូចខាតដែលសរុបជាទឹកប្រាក់ ១៤,៧ ប៊ីលានដុល្លារចំពោះសាជីវកម្មប្រេង Kuwait Petroleum (KPC) បន្ទាប់ពីទាហានអ៊ីរ៉ាក់ដុតអណ្តូងប្រេង។
ការទូទាត់សំណង ធ្លាប់ត្រូវបានផ្អាកនៅចន្លោះខែតុលា ឆ្នាំ ២០១៤ ដល់ខែមេសា ឆ្នាំ ២០១៨ ដោយសារតែបញ្ហាសន្តិសុខ និងថវិកា របស់រដ្ឋាភិបាលអ៊ីរ៉ាក់ដែលប្រយុទ្ធប្រឆាំងនឹងក្រុមបះបោររដ្ឋអ៊ិស្លាម។
UNCC និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំបិទទ្វានៃក្រុមប្រឹក្សាគ្រប់គ្រងរបស់ខ្លួនថា៖ «ជាមួយនឹងការទូទាត់ចុងក្រោយនៃសំណងដែលធ្វើឡើងនៅថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២២ សំណងទាំងអស់ដែលផ្តល់ដោយគណៈកម្មការឥឡូវនេះ ត្រូវបានបង់រួចរាល់»។
គណៈកម្មការផ្តល់សំណងរបស់អង្គការសហប្រជាជាតិ UNCC បន្ថែមថា៖ «សមិទ្ធិផលនេះគឺគួរឱ្យកត់សម្គាល់ ហើយរួមចំណែកដល់ការផ្សះផ្សាក្រោយជម្លោះ ដោយបង្ហាញពីតម្លៃ និងសារៈសំខាន់នៃច្បាប់អន្តរជាតិ»។

ប្រភព៖ Reuters