សន្និសីទសេដ្ឋកិច្ចប្រចាំឆាំ្ន២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោកអាណត្តិទី៥ និងកិច្ចប្រជុំកំពូលវិនិយោគនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

សន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំ ២០១៩ នៃសហព័ន្ឋពាណិជ្ជករចិនទាជីវសកលលោកអាណត្តិទី៥ និងកិច្ចប្រជុំកំពូល     វិនិយោគនៅកម្ពុជា ត្រូវបានរៀបចំធ្វើនៅសាលសន្និបាទ និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិកាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា និងជាសហប្រធាននៃគណៈកម្មការសនិ្នសីទសេដ្ឋកិច្ចប្រចាំឆាំ្ន២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក អាណត្តិទី៥, លោក ឈិន សោពីង សហប្រធានគណៈកម្មាធិការរៀបចំសន្និសីទសេដ្ឋកិច្ចឆ្នាំ២០១៩ នៃសហព័ន្ធពាណិជ្ជករចិនទាជីវសកលលោក ។

អ្នកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍ថា ចិន គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ និងជាប្រភពវិនិយោគធំជាងគេនៅកម្ពុជា។ តាមរយៈការអនុវត្តយុទ្ឋសាស្ត្រខ្សែក្រវ៉ាត់មួយ ផ្លូវមួយ, វិនិយោគគិនចិនកាន់តែច្រើនបានមកបណ្តាក់ទុននៅកម្ពុជា។ ពាណិជ្ជករចិនទាជីវ គឺជាក្រុមពាណិជ្ជករចិនដ៏មានឥទ្ឋិពលលើឆាកអន្តរជាតិ។ ការខិតខំប្រឹងប្រែងរបស់ក្រុមពាណិជ្ជករចិនទាជីវ មិនត្រឹមតែអភិវឌ្ឍន៍មុខរបររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកអភវឌ្ឍន៍ សេដ្ឋកិច្ចប្រទេសដែលពួកគេរស់នៅផងដែរ។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា និងចិន ធ្លាប់មានទំនាក់ទំនង់ជាមួយគ្នាជាយូរលង់ណាស់មកហើយ ទាំងផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងការទូត។ ប្រទេសកម្ពុជា ជាប្រទេសដ៏សំខាន់មួយ ស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន ហើយកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព សេ្ថភាពនយោបាយ សុវត្ថិភាពសង្គម និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ព្រមទាំងមានលក្ខខណ្ឌវិនិយោគល្អប្រសើរ។ ទាំងនេះ គឺជាកត្តាដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគពីបរទេស ពិសេសពីប្រទេសចិន។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះពាណិជ្ជករចិនទាជីវ ក៏ដូចជាពាណិជ្ជករកម្ពុជា ដែលបានចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ ដើម្បីពិនិត្យមើលពី ស្ថានភាពជាក់ស្តែងនៃការវិនិយោគនៅកម្ពុជា។ ប្រទេសទាំងពីរ ចិន -កម្ពុជា បានខំកសាង និងពូនជ្រុំមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងខ្លាំងក្លា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង និងសម្តេចតេជានាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនៃប្រទេសយើងទាំង២ គឺជាស្ពានចម្លង និងតភ្ជាប់វិស័យផ្សេងៗទៀត រួមមានសេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ និងសង្គមកិច្ច។ល។  ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដែលមានកំណើនប្រមាណ៧%ក្នុង១ឆ្នំា ជាង២០ឆ្នំាកន្លងមកនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់ក្រុមហ៊ុន និងសហគ្រាសចិនបាននោះទេ។ 

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណដល់គ្រប់ក្រុមហ៊ុន សហគ្រាស និងអ្នកវិនិយោគិនចិនទាំងអស់ ដែលបានបោះទុនវិនិយោគលើវិស័យនានានៅកម្ពុជា ប្រកបដោយការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់ ដែលជាខឿនដ៏សំខាន់សម្រាប់ការវិនិយោគនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា  ផ្អែកតាមកត្តាភូមិសាស្រ្ត ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់នៃប្រទេសកំពុងអភិវឌ្ឍន៍មួយយ៉ាងឆាប់រហ័ស ជាមួយនឹងកត្តាគុណសម្បត្តិជាច្រើន ម្យ៉ាងទៀត កម្ពុជាស្ថិតនៅក្នុងតំបន់ជាប់ដងទន្លេមេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់។ ឈរលើកត្តាអំណោយផលទាំងអស់នេះ សង្ឃឹមថា សហព័ន្ធពាណិជ្ជករចិនទាជីវ នឹងបន្តដាក់ទុនវិនិយោគកាន់តែច្រើនទ្បើងៗថែម ទៀតក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ជាមួយនឹងរាជរដ្ឋាភិបាល ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner