ឯកឧត្តម ថោង ខុន ដឹកនាំប្រតិភូគ្រូបង្វឹក និងអត្តពលិក លើ៩ប្រភេទកីឡា ដែលជាក្រុមទី២ បានចេញទៅប្រកួត SEA Games នៅហ្វីលីពីន

អត្ថបទដោយ៖
Kien Sereyvuth

ប្រតិភូគ្រូបង្វឹក និងអត្តពលិក លើ៩ប្រភេទកីឡា ដែលជាក្រុមទី២ បានចេញទៅប្រកួត SEA Games នៅហ្វីលីពីន ដឹកនាំដោយឯ ឧ ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីម៉ោង ១២:៤៥នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកានេះ ដើម្បីចូលរួមពិធីបើកការ ប្រកួតជាផ្លូវការ នៅថ្ងៃទី៣០ ខែវិច្ឆិកាស្អែកនេះ ។

អត្តពលិកកម្ពុជា លើ៩ប្រភេទកីឡា ដែលចេញដំណើរយប់មិញ រួមមាន កីឡារាំ វាយសី បាល់ទះក្នុងសាល វាយកូនបាល់ ទោចក្រយានយន្ដ ទ្រីយ៉ាត្លុង សីដក់ បាល់បោះ ៣ទល់នឹង៣នាក់ និងបាល់បោះ ៥ទល់នឹង៥នាក់ ។ ដោយសរុប មាន១២ប្រភេទកីឡាហើយ ដែលបានទៅដល់ហ្វីលីពីន បន្ទាប់ពីកីឡាបាល់ទាត់ U22 កម្ពុជា, គុនល្បុក្កតោ, កាយសម្ព័ន្ធ ទូកក្ដោង និងបាល់ទះឆ្នេរខ្សាច់ ដែលបានទៅដល់កាលពីថ្មីៗ ។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងចំណោមអត្តពលិកបានទៅដល់ហ្វីលីពីន គឺមានកីឡា ២ប្រភេទ ដែលបានប្រកួត និងត្រៀមប្រកួត ទី១-ក្រុមបាល់ទាត់ U22 កម្ពុជា ដែលបានឆ្លងកាត់ ២ប្រកួតក្នុងពូល នឹងកំពុងឈរកំពូលតារាង ដោយមាន ៤ពិន្ទុ ។

សូមរំឭកថា កាលពីព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី កម្ពុជាបញ្ជូន២៤ប្រភេទកីឡាចូលរួម ជាលទ្ធផលកម្ពុជាដណ្តើមបានមេដាយ១៧គ្រឿង មាស៣ ប្រាក់២ និងសំរិទ្ធ១២គ្រឿង ។
សូមបញ្ជាក់ថា ព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំនេះ កម្ពុជានឹងបញ្ជូន ៣១ប្រភេទកីឡាចូលរួម ហើយប្រភេទកីឡាសេសសល់ នឹងបន្ដចេញដំណើរជាបន្ដបន្ទាប់ ស្របពេលការប្រកួតនឹងចាប់ផ្ដើមផ្លូវការពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ។

ក្នុងនោះ កម្ពុជាក៏មានកីឡាមានសក្ដានុពល ១០ប្រភេទ ត្រូវបានដាក់ក្ដីរំពឹងប្រជែងមេដាយមាសជូនជាតិផងដែរ រួមមានកីឡាតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ, ចំបាប់ និងកីឡាសូហ្វតេន្នីស ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner