កិច្ចប្រជុំពិនិត្យពិភាក្សា ដេីម្បីត្រៀមកំណត់ទីតាំង និងគ្រប់គ្រងរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈេីប្រភេទធំ (ច្រកចញចូលតែមួយ)
សៀមរាប៖ នៅព្រឹកថ្ងៃ ទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា ដេីម្បីត្រៀមកំណត់ទីតាំង និងគ្រប់គ្រងរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈេីប្រភេទធំ ដែលមានប្រភពពីដីសម្បទាន ក្រោមរូបភាពជា ច្រកចេញចូលតែមួយ ដេីម្បីឱ្យប្រជាជនមានឈេីប្រេីប្រាស់ដោយមិនធ្វេីការដឹកជញ្ជូនឆ្ងាយពេក និងមានការចូលរួមពីលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង ១២ តំណាងមន្ទីរ -អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធទាំង៣ និងការិយាល័យជំនាញ នៃទីចាត់ការអន្តរវិស័យសាលាខេត្ត បានអញ្ជើញចូលរួមជាច្រើននាក់ផងដែរ។

លោក ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា៖ ការប្រជុំនេះ គឺក្នុងគោលបំណង នៃកិច្ចប្រជុំ ដេីម្បីពិនិត្យ និងពិភាក្សា ពាក់ព័ន្ធនឹងលិខិតលេខ ១៤០៣ សជណ.កធ ចុះថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ របស់ទីស្តីការគណ:រដ្ឋមន្រ្តី ដែលបានទទួលការយល់ព្រមពីរាជរដ្ឋាភិបាលដូចខាងក្រោមៈ

១.អនុញ្ញាតឱ្យបង្កេីតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈេីប្រភេទធំ (ច្រកចេញចូលតែមួយ) ចំនួន ១កន្លែងនៅតាមរាជធានី ខេត្តនីមួយៗទូទាំងប្រទេស ដែលមានទីតាំងស្ថិតនៅជិតទីប្រជុំជនរាជធានីខេត្ត។ រោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈេីប្រភេទធំ លក់ចែកចាយផល អនុផលព្រៃឈេីទៅឱ្យរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈេីផ្សេងៗទៀតនៅក្នុងរាជធានី ខេត្តនោះ។ ការអនុញ្ញាតឱ្យបង្កេីតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈេីប្រភេទធំ (ច្រកចេញចូលតែមួយ) ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២.ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការប្រើប្រាស់ផល អនុផលព្រៃឈើ (កំណត់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចត្រូវផ្គត់ផ្គង់ឈើ និងតម្រូវការប្រើប្រាស់ឈើរបស់រាជធានី ខេត្ត) ដែលមានប្រភពពីសម្បទានដីសេដ្ឋកិច្ច ដើម្បីចែកចាយឲ្យរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើប្រភេទធំ (ច្រកចេញចូលតែមួយ) នៅតាមបណ្តារាជធានី ខេត្ត។

៣.យើងត្រូវលុបបំបាត់ចោល និងមិនអនុញ្ញាតឲ្យបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើនៅតាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា។
លោក ង៉ាន់ ភិរុន បានបញ្ជាក់ថា៖ ជាលទ្ធផល អង្គប្រជុំបានសម្រេចឯកភាពគ្នាដូចខាងក្រោម :
១.បង្កេីតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈេីប្រភេទធំ (ច្រកចេញចូលតែមួយ) ចំនួន ១កន្លែងក្នុងខេត្ត។
២.ស្នេីសុំគោលការណ៍ពីក្រសួង ដេីម្បីបង្កេីតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈេីមួយចំនួន នៅតាមបណ្តាក្រុង ស្រុក តាមការចាំបាច់៕ធ.ដ
ដោយ ស៊ាន សុផាត




