ពានរង្វាន់បាល់ទាត់វ័យចាស់ បង្កើតឡើង ដើម្បីប្រមូលផ្ដុំ និងជួបជុំគ្នាសប្បាយរីករាយក្រោមម្លប់សន្ដិភាព តាមរយៈកីឡា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ពានរង្វាន់បាល់ទាត់វ័យចាស់ បង្កើតឡើង ដើម្បីប្រមូលផ្ដុំ និងជួបជុំគ្នាសប្បាយរីករាយក្រោមម្លប់សន្ដិភាព តាមរយៈកីឡា នេះជាការបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន និងពិធីចាប់ពូលការប្រកួតបាល់ទាត់ពានរង្វាន់វ័យចាស់ អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ឆ្នាំ២០២០ ជាមួយនឹងក្រុមចូលរួមប្រកួត មានការកើនឡើងកាន់ច្រើន ដើម្បីឆ្លើយតបនឹងការវិវត្តន៍ និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ។

ឯកឧត្តម ជុំ កុសល បញ្ជាក់បន្ថែមថា ពានវ័យចាស់ឆ្នាំនេះ គឺជាការវិវត្តន៍ថ្មីមួយ ដែលក្រុម សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងដៃគូសហការ បានពង្រីកព្រឹត្តិការណ៍ឲ្យធំ ស្របតាមកំណើន សេដ្ឋកិច្ចជាតិ និងភាពរីកចម្រើនរបស់ប្រទេសជាតិ ក៏ដូចជាបំផុសសកម្មភាពលេងកីឡាផងដែរ ដើម្បីឲ្យស្របតាមការវិវត្តន៍សម័យកាលរបស់ជាតិ ហើយការរៀបចំ របស់យើងឆ្នាំនេះ គឺមានវិសាលភាពធំជាងរាល់ឆ្នាំ ដោយមានរហូតដល់ ៩ក្រុមចូលរួម» ។

តាមរយៈការរៀបចំនេះដែរ លោករំពឹងនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យកីឡាជាតិ ដើម្បី ដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។ លោកថា «ការរៀបចំមានអត្ថន័យសំខាន់ គឺយើងរៀបចំ អបអរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ផង យើងជួយជំរុញវិស័យកីឡាបាល់ទាត់ផង។

ឯកឧត្តម ជុំ កុលស បញ្ជាក់ថា កត្ដាសំខាន់មួយទៀត គឺខ្ញុំចង់ប្រមូលផ្ដុំ និងជួបជុំគ្នាសប្បាយក្រោមម្លប់សន្ដិភាព តាមរយៈកីឡា ។ ខ្ញុំគិតថា ក្មេងៗគាត់ឃើញចាស់ៗលេង គាត់ក៏មានទឹកចិត្តលេងដែរ ដល់ចឹងក្ដីរំពឹងលើស៊ីហ្គេម ឆ្នាំ២០២៣ គឺពឹងលើក្មេងៗ ឯចាស់ៗលេងជាការជំរុញទឹកចិត្តគាត់ផង និងប្រយោជន៍សុខភាពផងប៉ុណ្ណោះ»។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់វ័យចាស់ អបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ឆ្នាំ២០២០ មាន៩ក្រុមចូលរួម ចែកចេញជា២ពូល ពូលA ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាព ក្រុមពួកម៉ាកយូណាយធីត ក្រុមស.ស.យ.ក ខេត្តព្រៃវែង និងក្រុម 7NG សម្រាប់ពូល B វិញ មានក្រុមមហាហ្សង  ក្រុម 7 CLEAN LAUNDRY ក្រុម Master FC ក្រុមមេធាវី-រ៉ូយ៉ាល់ និងក្រុម SCS FT ។ ចំពោះការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី០២-ធ្នូ ដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅកីឡដ្ឋានវេស្ទើន ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner