រុស្ស៊ីជំរុញសហរដ្ឋអាមេរិកបោះបង់វោហាសាស្រ្តឈ្លានពាន ជុំវិញវិបត្តិអ៊ុយក្រែន

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ីតាស( Tass )បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ កាលពី ថ្ងៃអង្គារ បាន អំពាវនាវឱ្យសហរដ្ឋអាមេរិក ទម្លាក់វោហាសាស្ត្រឈ្លានពាន នៅក្នុង អំឡុងការសន្ទនាស្តីពីការធានាសន្តិសុខ និងបង្ហាញពីវិធីសាស្រ្ត ជាក់ស្តែងចំពោះប្រធានបទនេះ។

លោក ឡាវរូវ បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក អាន់ថូនី ប្លីងគែន ដែលក្នុងនោះអ្នកការទូតរុស្ស៊ីបាន សង្កត់ធ្ងន់លើតម្រូវការក្នុងការបន្តធ្វើការជាមួយគ្នា។ លោក ឡាវរូវ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបន្តកិច្ចខិតខំប្រឹងប្រែង ដូច ដែលបានព្រមព្រៀងដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអាមេរិកលោក ចូ បៃដិន ដើម្បីសហការលើសំណើ សន្តិសុខ របស់រុស្ស៊ីដែលបានដាក់ជូនសហរដ្ឋអាមេរិក និងអង្គការ ណាតូ។ លោក ឡាវរូវ បានគូសបញ្ជាក់អំពីភាពមិនអាចទទួល យកបាន នៃវោហាសាស្ត្រឈ្លានពានរបស់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ហើយបានអំពាវនាវឱ្យមានកិច្ចសន្ទនាប្រកប ដោយប្រសិទ្ធភាពលើបញ្ហាទាំងមូល ដែលលើកឡើងដោយរុស្ស៊ី ជាពិសេសភាពមិនអាចបំបែកបាននៃសន្តិសុខ។

បើតាមក្រសួងការបរទេសអាមេរិក លោក ប្លីងគែន និយាយថា អាមេរិកទន្ទឹងរង់ចាំដើម្បីទទួលបានការឆ្លើយតបជាលាយលក្ខណ៍អក្សររបស់រុស្ស៊ី ចំពោះឯកសាររបស់សហរដ្ឋអាមេរិក និងអង្គការណាតូ ដែលបានចែករំលែកជាមួយទីក្រុងម៉ូស្គូកាលពីខែមុន។ ឯកសារ នោះនិយាយអំពីសន្តិសុខរបស់បណ្តាប្រទេសនៅអឺរ៉ុប។ លោក ប្លីងគែន បានសង្កត់ធ្ងន់ថា អាមេរិកនៅតែប្តេជ្ញាចិត្តចំពោះផ្លូវការទូត ហើយចង់ឱ្យវិបត្តិនេះត្រូវបានដោះស្រាយដោយសន្តិវិធី។

ភាគីអាមេរិកនិយាយថា លោក ប្លីងគែន បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីឃើញការបន្ធូរបន្ថយដែលអាចផ្ទៀងផ្ទាត់បាន, គួរឱ្យទុកចិត្ត និងមានអត្ថន័យ នៃស្ថានភាពនៅជិតព្រំដែនអ៊ុយក្រែន៕ប្រភព៖ ស៊ីនហួរ និងNHK ប្រែសម្រួលដោយៈឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner