ក្រសួងការបរទេសបង្ហាញលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសិង្ហបុរី នៅកម្ពុជា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ សំដៅលើកកម្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ បានចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ បានជួបប្រជុំទ្វេភាគី ដែលក្នុងឱកាសនោះរដ្ឋមន្រ្តីការបរទេសទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរដែលមានស្រាប់រវាងកម្ពុជា និងសឹង្ហបុរី និងបានពិភាក្សាអំពីវីធីសាស្រ្ត និងមធ្យោបាយនានា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងពហុវិស័យ។ 

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តចំពោះភាពវិជ្ជមាន និងកំណើនក្នុងពាណិជ្ជកម្មទ្វេភាគី បើទោះបីជាមានការប្រឈមនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ក្តី។ ដើម្បីរក្សាបាននូវសន្ទុះវិជ្ជមាននេះ រដ្ឋមន្រ្តីទាំងពីរបានឯកភាពជំរុញក្រសួង និងស្ថាប័នពាក់ព័ន្ធនានាឱ្យខិតខំប្រឹងប្រែងទ្វេដង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។ ដើម្បីដោះស្រាយអតុល្យភាពពាណិជ្ជកម្ម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើ ១) បង្កើនការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់សឹង្ហបុរី ២) រៀបចំឱ្យមានអនុស្សរណៈនៃការយោគយល់រវាងសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរ និង ៣) អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង ស្តីពីការជៀសវាងការយកពន្ធត្រួតគ្នា(DTA) ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងពេលទទួលស្គាល់អំពីវត្តមានដ៏មានសារៈសំខាន់នៃការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ដែលជាប់ចំណាត់ថ្នាក់ទីបួនក្នុងសកម្មភាពវិនិយោគឆ្នាំ២០២១ បានលើកទឹកចិត្តឱ្យមានការវិនិយោគរបស់សិង្ហបុរីច្រើនថែមទៀត ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល និងបៃតង កសិ-ឧស្សាហកម្ម ដែលផ្តល់នូវការលើកទឹកចិត្តថ្មី និងសម្បូរបែប ដោយច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

អំពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ឯកឧត្តម ប្រាក់ សុខុន បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលសឹង្ហបុរី ដែលបានផ្តល់សម្ភារវេជ្ជសាស្រ្តផ្សេងៗ ក៏ដូចជាការយកចិត្តទុកដាក់ចំពោះពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសសិង្ហបុរីតាមរយៈការអនុញ្ញាតឱ្យពួកគេទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដោយមានប្រសាសន៍ថា ពលរដ្ឋសិង្ហបុរី ក៏បានទទួលការយកចិត្តទុកដាក់ដូចគ្នា នៅកម្ពុជាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនសមភាគីថា ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបើកប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តរស់នៅតាមគន្លងប្រក្រតីថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ និងក្របខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩តាមគន្លងប្រក្រតីថ្មីឆ្នាំ២០២១-២០២៣ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមថា រាជរដ្ឋាភិបាលក៏បានដាក់ចេញផែនការយុទ្ធសាស្រ្ត ស្ដីពីការបើកទទួលទេសចរវ៉ាក់សាំង និងវិធីសាស្រ្តគោលនយោបាយ ដើម្បីជំរុញទេសចរក្នុងប្រទេស ឆ្នាំ២០២១-២០២៣ នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ផងដែរ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទេសចរណ៍ និងកិច្ចសហប្រតិបត្តិការក្នុងការទទួលស្គាល់វិញ្ញាបនបត្រវ៉ាក់សាំងរវាងប្រទេសទាំងពីរផងដែរ។  ភាគីទាំងពីរមានសេចក្ដីសោមនស្សដោយបានកត់សម្គាល់ឃើញថា នៅតែមានជើងហោះហើរមួយចំនួនកំពុងធ្វើប្រតិបត្តិការទៅមកកម្ពុជា និងសិង្ហបុរី បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយដោយសារតែភាគរយខ្ពស់នៃចំនួនប្រជាជនដែលបានទទួលវ៉ាក់សាំងនៅក្នុងប្រទេសទាំងពីរ និងការគ្រប់គ្រងជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព។

សម្រាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់សិង្ហបុរី ក្នុងការកសាងសមត្ថភាពដល់មន្ត្រីរាជការកម្ពុជា តាមរយៈវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងមធ្យម។ឯកឧត្ដម បានស្នើឱ្យប្រទេសសិង្ហបុរីពិចារណាផ្តល់អាហារូបករណ៍បន្ថែមទៀត ជាពិសេសក្រោមកម្មវិធី បណ្ដុះបណ្ដាលគ្រូ(Education Training the Trainers Program) បណ្ឌិតផ្នែកគ្រប់គ្រងសាធារណៈ និងអាហារូបករណ៍អាស៊ាន ផ្នែកវិស្វកម្មថែរក្សាយន្តហោះ និងការគ្រប់គ្រងអាកាសចរស៊ីវិល។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ  និងបណ្ឌិត្យសភាការទូតនៃប្រទេសសិង្ហបុរី។

ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិ តាមរយៈការផ្លាស់ប្តូរមន្ត្រីយោធា និងមន្រ្តីនគរបាលជាន់ខ្ពស់កម្ពុជា និងសឹង្ហបុរី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសសិង្ហបុរីដែលបានផ្តល់ជំនួយក្នុងការអភិវឌ្ឍធនធានមនុស្ស និងការកសាងសមត្ថភាពដល់មន្ត្រីនគរបាលជាតិរបស់កម្ពុជា។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានាពាក់ព័ន្ធនឹងអាស៊ាន និងបានរំលឹកឡើងវិញនូវកិច្ចពិភាក្សាប្រកបដោយផ្លែផ្កា ក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលថ្មីៗនេះរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមនាយករដ្ឋមន្ត្រី Lee Hsien Loong នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ ឯកឧត្ដមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ប្រទេសសឹង្ហបុរី សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ និងបានអបអរសាទរ និងគាំទ្រយ៉ាងកក់ក្តៅចំពោះឯកឧត្តម ប្រាក់ សុខុន សម្រាប់តួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។

ចំពោះកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហានានាដែលជាផលប្រយោជន៍ និងការព្រួយបារម្ភរួម និងបានសម្តែងនូវការគាំទ្រគ្នាទៅវិញទៅមក យ៉ាងពេញទំហឹងនៅក្នុងវេទិកាពហុភាគីនានា រួមទាំងនៅក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។

ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ ក៏មានជំនួបដាច់ដោយឡែកពីគ្នាជាមួយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម ហ៊ុន ម៉ានីប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភាកម្ពុជាផងដែរ៕

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner