មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាក់ថា យោធិនម្នាក់ៗត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងថា បទវិន័យច្បាប់ស្ដីពីលក្ខន្តិកៈទូទៅ របស់កងយោធពល ខេមរៈភូមិន្ទ និងសេចក្ដីណែនាំលេខ០០៣ សណន របស់ក្រសួងការពារជាតិ យោធិនគ្រប់រូបត្រូវអនុវត្តជាកាតព្វកិច្ចមិនអាចខានបាន និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមបទបញ្ជារបស់ថ្នាក់លើតាមឋានានុក្រម ដែលយោធិនម្នាក់ៗត្រូវគោរពនិងអនុវត្ត ។ យោធិនម្នាក់ៗត្រូវប្ដេជ្ញាចិត្តដាច់ខាត ក្នុងកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី សហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំពង្រឹងវិន័យ និងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានសំណូមពរដល់យោធិនទាំងអស់ និងក្រុមគ្រួសារត្រូវបន្តអនុវត្ត នូវវិធានការការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ បីការពារ និងបីកុំរបស់ សម្តេចតេជោហ៊ុន សែន ៕ ដោយ ប៊ុន រដ្ឋា






