នគរបាលក្រុងតាខ្មៅ បង្ក្រាបចោរលួចម៉ូតូម្នាក់ ក្រោយស្រាវជ្រាវជាច្រើនខែ
កណ្តាល៖ ចោរលួចម៉ូតូម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវអស់ជាច្រើនខែ និងឈានដល់ការឃាត់ ខ្លួនបានកាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២២ នៅក្រុងតាខ្មៅ ។ ជនសង្ស័យបានធ្វើសកម្មភាពនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះសួន ចន្ធី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះជួលភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះ កៀក ប៊ិន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។មិនមានមុខរបរ មិនពិតប្រាកដ ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចយកម៉ូតូ របស់ជន រងគ្រោះ ពិតមែន ហេីយយកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវបាន លុយចំនួន២០០ដុល្លារ ចាយអស់បាត់ទៅហេីយ ។ អធិការដ្ឋាននគរបាលក្រុងតាខ្មៅកំពុងចាត់ការករណីនេះតាមនីតិវិធី ៕ ដោយៈ ប៊ុនធី



