រថយន្តស៊េរីទំនើបបុករះរុឺម៉កដឹកបន្លែ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ ២នាក់

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ចោលប្រពន្ធនិងកូនឲ្យកំព្រាកណ្ដោចកណ្ដែង ឯស្ត្រីជាប្រពន្ធនិងអ្នករួមដំណេីរម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបើករ៉ឺម៉កដឹកបន្លែចេញពីផ្សារដើមគរ គោលបំណងយកមកលក់ដូចសពដង ស្រាប់តែត្រូវរថយន្តស៊េរីទំនើបបុករះ នឹងបន្តទៅបុកដើមឈើ ព្រមទាំងបង្គោលភ្លើងថ្មពេញទំហឹង កាលពីវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចជិតស្តុបណតប្រ៊ីដ តាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមានឈ្មោះ ណាក់ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ ដឹកបន្លែ រស់នៅបច្ចុប្បន្ន ភូមិជ្រោយចំប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ អ្នករងរបួសជាប្រពន្ធមានឈ្មោះ យ៉ែម សម្ផស្ស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែនៅផ្សារសិនជូរី ពោធិ៍ចិនតុង រស់នៅជាមួយប្តី និងអ្នករួមដំណើរមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ចំណែកឯអ្នកបើករថយន្ត ជាយុវជនម្នាក់ និងមានអ្នករួមដំណើរម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមសាក្សីដែលឃើញហេតុការណ៍បាន ប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់ឃើញ បុរសម្នាក់ រួមដំណើរ និងស្ត្រីពីរនាក់ បេីករ៉ឺម៉កដឹកបន្លែតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកអូរឌីAUDI A7 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AZ.2550 បើកបរដោយយុវជនម្នាក់ និងរួមដំណើរដោយយុវជនម្នាក់ទៀតស្រវឹងស្រាជោក បើកតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចស្របគ្នា មកបុកពីក្រោយរុឺម៉កយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើករបរខ្ទាតបោកផ្ទប់ទៅនឹងចិញ្ចើមផ្លូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបន្លែរាយប៉ាយពេញផ្លូវ ចំណែកឯប្រពន្ធនិងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជីវិតផងដែរ។ ដោយឡែករថយន្តបង្កមិនទាន់អស់ល្បឿនបានហោះឡើងលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងថ្មបាក់អស់មួយដើម និងដើមឈើបាក់មួយដើមទៀត ទេីបទៅមុខលែងរួច។

ក្នុងហេតុការណ៍នោះគេឃើញអ្នកបើកបរស្រវឹងស្រាឡេីងជោកជាំ ត្រូវបានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចាប់អ្នកបើកបរយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម រង់ចាំប្រគល់ឲ្យជំនាញចាត់ការតាមនីតិវិធី ។ តាមសម្ដីសាច់ញាតិជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា ពីរនាក់ប្ដីប្រពន្ធជារៀងរាល់ថ្ងៃគាត់តែងតែទិញបន្លែយកទៅលក់នៅផ្សារ សិនជូរី តែថ្ងៃនេះក៏មានស្ត្រីម្នាក់សូមរួមដំណើរទៅលក់បន្លែជាមួយ ស្រាប់តែមកជួបគ្រោះថ្នាក់ ចរាចរណ៍បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ និងរងរបួសធ្ងន់២នាក់បែបនេះទៅវិញ ពិតជាគួរឲ្យអាណិតណាស់។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង ស្ទូចយករថយន្តបង្កនិងរ៉ឺម៉កទៅរក្សាទុកនៅចរាចរណ៍ក្រុងរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner