ប្រធានក្រុម Azora បានចាត់ទុក ពានរង្វាន់បាល់ទាត់ហ្វូតសាល វិទ្យាស្ថាន ខេមអេដ ជាការផ្តល់ឪកាសអោយនិស្សិត រិតចំណងមិត្តភាព សាមគ្គីភាព និងកាត់បន្ថយភាពតានតឹង ក្នុងពេលសិក្សា
ការប្រកួតកីឡាបាល់ទាត់ក្នុងសាលបុរស ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាលថ្មី ២០២២ បានរៀបចំកម្មវិធីចាប់ឆ្នោតចែកពូល និងពន្យល់ពីរូបមន្តការប្រកួត សម្រាប់ក្រុមចូលរួមសរុបចំនួន១៩ក្រុម ដោយបានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាស្ថាន ខេមអេដ រាជធានីភ្នំពេញ។
លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ គូសបញ្ជាក់ថា ក្រោយខកខាន១ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ-១៩ នេះជាព្រឹត្តិការណ៍កីឡាបាល់ទាត់ក្នុងសាលថ្មីមួយទៀត នៅឆ្នាំ២០២២ នេះ ដែលវាជាការប្រកួតដ៏សំខាន់សម្រាប់យើងក៏ដូចជានិស្សិតទាំងអស់ ដើម្បីជំរុញដល់សុខមាលភាពរបស់ពួកគេ ជាពិសេសគឺការអប់រំនៃការធ្វើការជាក្រុម តាមរយៈការប្រកួតកីឡានេះ ។ គោលបំណងនៃព្រឹត្តិការណ៍នេះផ្តោតសំខាន់លើ៣ចំណុច គឺការរួមគ្នាធ្វើការជាក្រុម ធ្វើការក្រោមសម្ពាធ និងទទួលយកនូវការឈ្នះ និងការចាញ់ដោយត្រូវគ្រប់គ្រងទៅលើអារម្មណ៍។
នៅក្នុងចំណោម១៩ក្រុមនេះ គឺមានក្រុមកីឡាករជានិស្សិតជនជាតិបារំាងក៏ត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះដែរ។ ក្នុងឆ្នាំនេះដែរ ខេមអេដក៏ត្រៀមរៀបចំការប្រកួតកីឡាបាល់បោះ និងអត្តពលកម្មទៀតផង ដែលការរៀបចំ ព្រឹត្តិការណ៍កីឡានេះគឺជារឿងសំខាន់ ដែលផ្តល់ឲ្យនិស្សិតចេះចាប់ផ្តើមធ្វើការរួមគ្នា ការបណ្តុះឆន្ទៈ ស្មារតីរបស់កីឡាកររៀនធ្វើកិច្ចការឲ្យទទួលបានជោគជ័យ ដើម្បីផ្តល់ចំណេះដឹង បទពិសោធល្អៗ នៅពេលពួកគាត់ចេញទៅប្រកបការងារ ក្រោយបញ្ចប់ការសិក្សា ។
ប្រធានក្រុម Azora កីឡាករ សំវាសនា អេស៊ាន ចាត់ទុកថា វិទ្យាស្ថាន ខេមអេដ មិនត្រឹមតែផ្តោតសំខានលើការសិក្សាជំនាញរបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែការរៀបចំការប្រកួតកីឡាក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចគ្នាផងដែរ ដើម្បីផ្តល់ឱកាសដល់និស្សិតបានលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព និងកាតត់បន្ថយភាពតានតឹង ក្នុងពេលសិក្សា ។ ចំពោះកីឡាករ តែ ម៉េងគង់ តំណាងក្រុមមូស ចាប់អារម្មណ៍ថា ក្នុងរយៈពេលសិក្សាបរិញ្ញាបត្រ៤ឆ្នាំនេះ គឺយើងទាំងអស់គ្នាទទួលបានឱកាសលេងកីឡា ដើម្បីផ្តល់ជាចំណេះដឹងក្នុងការធ្វើការជាក្រុម ក៏ដូចជារបៀបរបបទំនាក់ទំនងគ្នាជាមួយមជ្ឈដ្ឋានខាងក្រៅ តាមរយៈការលេងកីឡានេះជាដើម ៕ ដោយ៖ ចាន់ វិចិត្រ