អាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ

សៀមរាប៖ វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ ត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយតម្លៃនៃប្រាសាទជាស្នាដៃក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យតដាក(បារាយណ៍ខាងជើង) ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។ លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា ខ្សែទស្សនាថ្មីនៅប្រាសាទនាគព័ន្ធនេះគ្រោងរៀបចំជា៣ប្រភេទ ដែលក្នុងនោះមាន៖

-ខ្សែទស្សនាក្នុងប្រាសាទ៖ នឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង៤នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិត យករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ ។

  • ខ្សែទស្សនាក្រៅប្រាសាទ៖ ជាខ្សែទស្សនាថ្មីដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចំណាយពេលសិក្សាស្រាវជ្រាវ និងរៀបចំ។ ខ្សែទស្សនានេះនឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ព័ន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំងទេសភាព ធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះ បូករួមទាំងការទស្សនាប្រាសាទផងដែរ។

-ខ្សែទស្សនាសម្រាប់ទេសចរជិះទូក៖ ក្នុងបំណងលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ និងការគិតគូរពីបរិស្ថាន ខ្សែទស្សនាពិសេសមួយដែលមិនត្រឹមតែជួយជ្រោមជ្រែងសកម្មភាពសហគមន៍ទេសចរណ៍ទូកនោះទេ គឺថែមទាំងធ្វើឱ្យប្រាសាទមានជីវិតរស់ឡើងវិញផងដែរ។ ត្រង់ចំណុចនេះបានន័យថា ផែខាងកើត និងខាងលិចនៃប្រាសាទនាគព័ន្ធនឹងត្រូវមានដំណើរការម្តងទៀត ព្រោះថាភ្ញៀវទេសចរនឹងចាប់ផ្តើមការទស្សនាដោយជិះទូកចេញពីផែនៅខាងកើតប្រាសាទព្រះខ័ន មកឈប់ចតនៅផែខាងលិចនៃនាគព័ន្ធ ដើម្បីឡើងទៅចាប់ផ្តើមការដើរទស្សនាប្រាសាទ រួចចាកចេញពីប្រាសាទតាមផែខាងកើតវិញ ដើម្បីបន្តដំណើរដោយទូកទៅសួនបណ្តុះកូនរុក្ខជាតិក្រាំងក្រូច និងប្រាសាទតាសោម។

លោកសេង សុធារ៉ាក៏បានបញ្ជាក់ផងដែរថា ភ្ញៀវទេសចរដែលជាជនពិការជិះលើរទេះរុញក៏ត្រូវបានគិតគូរផ្លូវទស្សនាជូនប្រកបដោយសុវត្ថិភាព អាចគយគន់ និងផ្តិតយករូបភាពប្រាសាទបានផងដែរ។ យ៉ាងណាមិញ សំណើរខ្សែទស្សនាខាងលើ នឹងត្រូវដាក់ជូនអ្នកជំនាញការ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យ និងវាយតម្លៃ អនុម័ត មុននឹងឈានទៅដាក់ដំណើរការ ក្រោយពេលស្ពានប្រាសាទនាគព័ន្ធត្រូវបានស្ថាបនារួច៕ ដោយ៖ អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner