ក្រសួងអប់រំ ណែនាំវិធានការសម្រាប់មន្ត្រីអប់រំទាំងអស់ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ប្រភេទអូមីក្រុង
អត្ថបទដោយ៖
អួន ស្រីរុំ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសេចក្ដីណែនាំ ស្តីពីវិធានការសម្រាប់មន្ត្រីអប់រំបម្រើការ នៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្ត ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង។ ក្រសួង បានបញ្ជាក់ថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ក្រសួងអប់រំ យុវជន និងកីឡា សូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់ដូចខាងក្រោម៖
- បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ “៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់
- បុគ្គលិកអប់រំ ដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានី ខេត្ត ឬធ្វើដំណើរទៅកន្លែងដែលមាន ហានិភ័យ (ក្រោមហេតុផលផ្ទាល់ខ្លួន) ត្រូវធ្វើតេស្ត rapid test មុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការវិញ
- លើកទឹកចិត្តឱ្យរៀបចំសកម្មភាពជួបជុំ សកម្មភាពបណ្តុះបណ្តាល ឬសិក្ខាសាលា ដែលមានអ្នកចូលរួមក្នុងចំនួនតិច ឬ ត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ
- បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារ តាមប្រព័ន្ធឌីជីថល ដូចជា Telegram, Whatsapp…
- អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាននិងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី
- មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារ ឱ្យបានជាប់លាប់ គ្រប់ពេលចេញចូល និងពេលបំពេញការងារ
- ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ
- គ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាម មិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណ ជាដាច់ខាត
- ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរស័ព្ទទៅ លេខ ១១៥ ជាបន្ទាន់៕
ដោយ៖ ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។