បុរសម្នាក់ បើកម៉ូតូ ក្នុងល្បឿនលឿន បុកឃឿនថ្មពេញទំហឹង បណ្តាលឱ្យដួលបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗ
ភ្នំពេញ ៖ បុរសម្នាក់បើកបរម៉ូតូ ក្នុងល្បឿនលឿន បានរេចង្កូតជ្រុលទៅបុកឃឿនថ្មពញទំហឹង បណ្តាលឱ្យដួលបោកក្បាល និងថ្នល់ស្លាប់ភ្លាមៗនៅហ្នឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើត នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់បណ្តាញអប្សរាព័ត៌មាន (AMS) ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-6070 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវបេតុងរង្វង់មូលវត្តភ្នំ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតជ្រុលទៅបុកឃឿនថ្មពេញទំហឹង បណ្តាលឱ្យដួលបោកក្បាល និងថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង។ ចំណែក ម៉ូតូវិញបានខ្ទៀតមកដល់ផ្លូវមហាវិថី ព្រះនរោត្តម រងការខូចខាតយ៉ាងដំណំ ។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ មើលឃើញថា មិនខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់ម៉ូតូ និងសពឱ្យទៅក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែ ៕ ដោយ ឆៃហួត