ក្រសួងបរិស្ថាន រៀបចំវគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ»
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី«ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ» ក្រោមអធិបតីភាពលោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនធ័រក្រសួងបរិស្ថាន។
វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីអនុវត្តនូវការបង្រៀនរបស់ក្រុមការងារគ្រូបង្គោលថ្នាក់ជាតិ នៃក្រុមការងារយេនឌ័រឱ្យកាន់តែមានភាពស្ទាត់ជំនាញ និងចែករំលែកចំណេះដឹងបន្ត និងពង្រឹងសមត្ថភាពដល់អ្នកពាក់ព័ន្ធនូវគោលគំនិតមួយចំនួនដូចជា៖
១)រម្លឹកទស្សនទានយេនឌ័រ ការវិភាគយេនឌ័រ និងទ្រឹស្តីសំខាន់ទាក់ទងនឹងភាពជាអ្នកដឹកនាំ ។
២)បញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមស្តីពីសមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ។
៣)ធ្វើការឆ្លុះបញ្ចាំងពីខ្លួនឯង និងការយល់ដឹងពីភាពប្រសព្វគ្នានៃអត្តសញ្ញាណ ។
៤)ស្វែងយល់ពីប្រភព និងប្រភេទនៃអំណាចក្នុងបរិបទនៃភាពជាអ្នកដឹកនាំ។
ថ្លែងទៅកាន់សិក្ខាកាមទាំងអស់ លោកជំទាវ ព្រំ សុភី ពិតជាមានសេចក្តីសោមស្សរីករាយ ដោយបានចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ភាពជាអ្នកដឹកនាំ និងសមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ» ដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេសយេនឌ័រក្រសួងបរិស្ថាន និងមានការសហការយ៉ាងជិតស្និទ្ធពីអង្គការរីខុហ្វនាពេលនេះ។
លោកជំទាវ ព្រំ សុភី បានបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានអត្ថប្រយោជន៍យ៉ាងក្រៃលែងក្នុងការអនុវត្ត និងពង្រីកនូវសកម្មភាពនៃការបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន ដោយផ្តល់នូវសារៈសំខាន់ចំនួន២ គឺ ១) ការបណ្តុះ និងបង្កើននូវសមត្ថភាពរបស់គ្រូបង្គោលយេនឌ័រថ្មី ដែលនឹងក្លាយខ្លួនជាអ្នកសម្របសម្រួលបន្តនាពេលខាងមុខ និង២) ការបង្កើនសមត្ថភាព និងការយល់ដឹងថ្មីមួយដល់មន្ត្រីក្របខ័ណ្ឌថ្មីក្នុងឆ្នាំ២០២០ សម្រាប់ពង្រឹងការអនុវត្តផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន រួមចំណែកក្នុងការសម្រេចបាននូវសរសរស្តម្ភទាំងបួនរបស់ក្រសួងបរិស្ថាន ក្នុងការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព។
គួររម្លឹកថា វគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំសម្រាប់សមភាពយេនឌ័រក្នុងការគ្រប់គ្រងធនធានធម្មជាតិ» បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅ កាឡាអូ សណ្ឋាគារកែប ក្រុងកែប ដោយមានការចូលរួមពីសិក្ខាកាមដែលជាមន្ត្រីក្របខ័ណ្ឌឆ្នាំ២០២០ និងលោកគ្រូ អ្នកគ្រូបង្គោល ជាច្រើនរូបទៀត៕ ដោយ / គ្រី សម្បត្តិ