គណបញ្ជាការឯកភាព រដ្ឋបាលខេត្តពោធិ៍សាត់ បើកកិច្ចប្រជុំ ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារក្នុងខែនីមួយៗ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម
ខេត្តពោធិ៍សាត់ ៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានលើកឡើងថា ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ យើងបានកំណត់រៀងរាល់សប្ដាហ៍ទី២ក្នុងខែនីមួយៗ ត្រូវតែមានកិច្ចប្រជុំចាំបាច់ ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារក្នុងខែនីមួយៗ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ។


កិច្ចប្រជុំបានពិនិត្យពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាពក្រុមការងារ អនុក្រុមការងារ និងលេខាធិការដ្ឋានខេត្ត ដើម្បីអនុវត្តសំណងការតាំងទីលំនៅថ្មីជូនប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលរងផលប៉ះពាល់ពីគម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់១ នៅស្រុកវាលវែង។ សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍, សេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ខេត្ត, សេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការនិងអនុគណៈកម្មការខេត្ត រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥, សំណើររបស់ក្រសួងមហាផ្ទៃឲ្យរដ្ឋបាលរាជធានីខេត្តទាំងអស់ ធ្វើការពង្រឹងយន្ដការដោះស្រាយបញ្ហាដែលមានស្រាប់ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាមូលដ្ឋាន។


ឯកឧត្តម ជាវ តាយ បានណែនាំឲ្យគ្រប់បណ្ដាមន្ទីរអង្គភាពទាំងអស់ បន្តយកចិត្តទុកដាក់ការងារលើគ្រប់វិស័យ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ភូមិឃុំមានសុវត្ថិភាព ការងារអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅតំបន់ព្រំដែនស្របទៅនឹងគោលបំណងរបស់រាជរដ្ឋាភិបាល «ប្រែក្លាយតំបន់ព្រំដែនឲ្យទៅជាទីប្រជុំជន» ៕ ដោយ ៖ ចេង ពុំ

