បេឡារុសថាកងទ័ពរុស្ស៊ីនឹងស្ថិតនៅក្នុងប្រទេសខ្លួនដោយគ្មានកំណត់ ខណៈលោកខាងលិចស្វែងរកការចរចាលើវិបត្តិអ៊ុយក្រែន
បេឡារុសនិយាយថា ទាហានរុស្ស៊ី ៣០ ០០០ នាក់ដែលចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយទាហានបេឡារុសនឹងឈរជើងនៅក្នុងប្រទេសដោយគ្មានកំណត់ ខណៈដែលមេដឹកនាំលោកខាងលិចចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីរក្សាការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន(Vladimir Putin) ជុំវិញវិបត្តិយោធានៅអ៊ុយក្រែន។
ការប្រកាសរបស់បេឡារុសធ្វើឡើងនៅថ្ងៃដែលសមយុទ្ធយោធារួមគ្នា ដែលបន្ថែមការភ័យខ្លាចដល់លោកខាងលិចថារុស្ស៊ីកំពុងរៀបចំផែនការឈ្លានពានអ៊ុយក្រែន គ្រោងនឹងបញ្ចប់។ យោងតាមមន្រ្តីសហរដ្ឋអាមេរិក រុស្ស៊ីបានប្រមូលផ្តុំកងទ័ពរហូតដល់ ១៩០ ០០០ នាក់នៅតាមព្រំដែនអ៊ុយក្រែន រួមទាំងអ្នកដែលចូលរួមក្នុងសមយុទ្ធនៅបេឡារុស បើទោះបីជាធ្លាប់សន្យាថាយោធាខ្លួននឹងត្រឡប់ទៅមូលដ្ឋានវិញក្រោយសមយុទ្ធបញ្ចប់ក៏ដោយ។
រដ្ឋមន្ត្រីការពារជាតិបេឡារុសលោក Viktor Khrenin និយាយកាលពីថ្ងៃអាទិត្យថា លោក Putin និងលោកប្រធានាធិបតីAlexander Lukashenko បានធ្វើការសម្រេចចិត្តដើម្បីបន្តសមយុទ្ធសម្រាប់រយៈពេលមិនជាក់លាក់មួយ ដោយសារតែ «ការបង្កើនសកម្មភាពយោធានៅតាមព្រំដែនភាគខាងកើតប្រទេស និងស្ថានភាពកាន់តែអាក្រក់នៅតំបន់ដុនបេសរបស់អ៊ុយក្រែន»។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយទៅកាន់លោក Putin កាលពីថ្ងៃអាទិត្យ ក្នុងអ្វីដែលមន្ត្រីបារាំងពណ៌នាថាជា «ផ្នែកនៃកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដែលអាចធ្វើទៅបាន និងចាំបាច់ដើម្បីជៀសវាងជម្លោះដ៏ធំ»។
ទន្ទឹមនឹងនោះផងដែរ លោក Antony Blinken រដ្ឋលេខាធិការសហរដ្ឋអាមេរិកនិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden «បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយលោក Putin នៅពេលណាក៏បាន ក្នុងទម្រង់ណាមួយ ប្រសិនបើនោះអាចជួយទប់ស្កាត់សង្គ្រាមបាន»។
វិមានក្រឹមឡាំងរៀបរាប់ថា ប្រធានាធិបតីរុស្ស៊ីបានទទួលស្គាល់សារៈសំខាន់នៃការស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិ តាមរយៈក្រសួងការបរទេស និងទីប្រឹក្សានយោបាយតាមទម្រង់កិច្ចព្រមព្រៀង Normandy ដែលជាកិច្ចព្រមព្រៀងរវាងរុស្ស៊ី អ៊ុយក្រែន អាល្លឺម៉ង់ និងបារាំងកាលពីប៉ុន្មានឆ្នាំមុន។
ជម្លោះរវាងក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាលនៅតំបន់ដុនបាសភាគខាងកើតប្រទេសអ៊ុយក្រែន ផ្ទុះឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ក្រុមបំបែកខ្លួនចោទទាហានអ៊ុយក្រែនថាបានបំពានបទឈប់បាញ់ និងបញ្ជាឱ្យជម្លៀសជនស៊ីវិលទៅរុស្ស៊ីវិញ។ លោកពូទីនស្តីបន្ទោសការប៉ះទង្គិចគ្នានេះ ថាជាការបង្កហេតុដោយកងកម្លាំងសន្តិសុខអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងម៉ូស្គូថាបានបង្កើតលេសមិនពិតដើម្បីឆ្លៀតឱកាសធ្វើការវាយប្រហារ។

ប្រភព៖ Techi Live