យោធាមីយ៉ាន់ម៉ាសោកស្ដាយ ដែលមិនអាចអនុវត្តកិច្ចព្រមព្រៀង RCEP ក្រោយមានការជំទាស់ពីសមាជិកមួយចំនួន
ក្រសួងការបរទេសមីយ៉ាន់ម៉ាកូតាយោធាកាលពីថ្ងៃអាទិត្យកន្លងទៅបានបង្ហាញពីភាពសោកស្ដាយ ដោយមិនអាចអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ ហៅកាត់ជាភាសាអង់គ្លេសថា RCEP ក្រោយមានការជំទាស់ពីសមាជិកមួយចំនួន។
កិច្ចព្រមព្រៀង RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មយ៉ាងធំជាងគេក្នុងពិភពលោក ដែលរួមមាន ១៥ប្រទេស ដោយមានសមាជិកអាស៊ានទាំង ១០ និងប្រទេសចំនួន ៥ទៀតដូចជា ចិន កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងនូវែលហ្សេឡង់ជាដើម។ កិច្ចព្រមព្រៀងនេះដែរត្រូវបានចុះហត្ថលេខានៅឆ្នាំ២០២០ តាមប្រព័ន្ធវីដេអូ ហើយចូលជាធរមាននៅឆ្នាំ២០២២។
លេខាធិការដ្ឋានអាស៊ានជាអ្នកសម្របសម្រួលឯកសារផ្លូវច្បាប់នានាពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនេះ។ នេះបើតាមលក្ខន្តិកៈដែលបានចែងក្នុង RCEP។
បើយោងតាមការចុះផ្សាយរបស់គេហទំព័រលេខាធិការដ្ឋានអាស៊ាន RCEP បានចូលជាធរមានសម្រាប់ប្រទេសចំនួន ១០ប្រទេសនៅខែមករា ហើយសម្រាប់កូរ៉េខាងត្បូងវិញនៅខែកុម្ភៈនេះ។ ដូច្នេះហើយនៅសល់ ៤ប្រទេសទៀត ដែលមិនទាន់ធ្វើសច្ចាប័នកិច្ចព្រមព្រៀងនេះនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិរបស់ខ្លួន។
ប្រទេសទាំង ៤នោះមានដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា និងហ្វីលីពីន។ ប្រទេសទាំងអស់នោះលើកលែងតែមីយ៉ាន់ម៉ា បានជជែកវែកញែកបញ្ចុះបញ្ចូលភាគីពាក់ព័ន្ធក្នុងស្រុករបស់ខ្លួនក្នុងការទទួលយកកិច្ចព្រមព្រៀង RCEP។
ចំពោះប្រទេសមីយ៉ាន់ម៉ាវិញ ខាងរដ្ឋាភិបាលយោធាបានអះអាងថា ខ្លួនបានធ្វើសច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះរួចរាល់ហើយ ប៉ុន្តែខាងលេខាធិការដ្ឋានអាស៊ានមិនព្រមទទួលយកការធ្វើសច្ចាប័នរបស់ខ្លួន។ នេះបើតាមការលើកឡើងរបស់ក្រសួងការបរទេសមីយ៉ាន់ម៉ា។
បកស្រាយអំពីជំហររបស់ខ្លួនជាលាយលក្ខណ៍អក្សរតាមប្រព័ន្ធហ្វេសប៊ុក ក្រសួងការបរទេសខាងយោធាបានសរសេរថា៖ «ក្រសួងសោកស្ដាយដោយការធ្វើសច្ចាប័ននៃកិច្ចព្រមព្រៀង RCEP របស់មីយ៉ាន់ម៉ារងនយោបាយនីយកម្មពីសំណាក់សមាជិកមួយចំនួន»។
ក្រសួងការបរទេសយោធាមីយ៉ាន់ម៉ាយល់ថា ការរារាំងមិនឱ្យខ្លួនប្រើប្រាស់កិច្ចព្រមព្រៀង RCEP ដូច្នេះធ្វើឱ្យប៉ះពាល់ដល់កិត្តិសព្ទរបស់អាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។
អំឡុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីអាស៊ាន ដែលប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក តេវដូរ៉ូ ឡុកស៊ីន (Teodoro Locsin)បានលើកឡើងថាហ្វីលីពីនមិនទទួលយកនូវការធ្វើសច្ចាប័នរបស់មីយ៉ាន់ម៉ានោះឡើយ។
«ហ្វីលីពីននឹងមិនទទួលយកលិខិតុបករណ៍ក្នុងការធ្វើសច្ចាប័នរបស់មីយ៉ាន់ម៉ាទេ។ ប៉ុន្តែប្រសិនបើការជំហរនេះរារាំងដល់ការឯកច្ឆន្ទរបស់ប្អូនស្រីមកពីឥណ្ឌូនេស៊ី និងបងប្អូនសមាជិកអាស៊ានទាំងអស់ ខ្ញុំនឹងថយខ្លួន ហើយទទួលយល់ព្រមនូវការវិនិច្ឆ័យរបស់សមាជិកអាស៊ានទាំងអស់វិញ»។ នេះជាការលើកឡើងរបស់លោក ឡុកស៊ីន ដែលចុះផ្សាយនៅក្នុងគេហទំព័ររដ្ឋាភិបាលហ្វីលីពីន។
ក្រៅពីហ្វីលីពីន ប្រទេសនូវែលហ្សេឡង់ក៏មិនចង់ទាក់ទងជាមួយរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ារឿងកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក AP ដែលស្រង់យកការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសប្រទេសនេះ។
កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រព្រឹត្តិកាលពីសប្ដាហ៍មុននៅក្នុងរាជធានីភ្នំពេញ។ ប្រធានប្ដូរវេនកម្ពុជាបានអញ្ជើញមន្ត្រីបច្ចេកទេសមិនមែននយោបាយពីមីយ៉ាន់ម៉ាមកចូលរួមប្រជុំថ្នាក់រដ្ឋមន្ត្រី តែខាងមីយ៉ាន់ម៉ាបដិសេធមិនបញ្ជូនតំណាងរបស់ខ្លួនមក។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើនេះដែរ ខាងមីយ៉ាន់ម៉ាបានស្វាគមន៍ពីកិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្ទះកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំចង្អៀតនេះ។
យ៉ាងណាក៏ដោយ ខាងយោធាមីយ៉ាន់ម៉ាបានបង្ហាញការមិនសប្បាយចិត្តដោយ «ប្រទេសអាស៊ានចំនួន ២» បានដាក់ជាសំណើឱ្យប្រេសិតពិសេសអាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ាជួបជាមួយ«ក្រុមភេរវកម្ម និងក្រុមមនុស្សក្រៅច្បាប់»។
ទោះជាមិនបញ្ចេញឈ្មោះ គេអាចទាយដឹងថា ប្រទេសចំនួន ២នោះអាចជា ម៉ាឡេស៊ី និងហ្វីលីពីន។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សៃហ្វូឌីន អាប់ឌូឡា (Saifuddin Abdullah) បានអំពាវនាវនៅក្នុងបណ្ដាញសង្គមធ្វីតធ័ររបស់ខ្លួនឱ្យប្រេសិតពិសេសអាស៊ានជួបជាមួយនឹងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា NUG។
ចំណែកឯរដ្ឋមន្ត្រីហ្វីលីពីន លោក ឡុកស៊ីន វិញ បានបង្ហាញពីគោលជំហរត្រង់ៗថា កិច្ចសន្ទនាស្វែងរកសន្តិភាពនៅមីយ៉ាន់ម៉ាត្រូវតែបញ្ចូលអតីតទីប្រឹក្សារដ្ឋ អ្នកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី លោក វីន ម្យីន (Win Myint)៕

ប្រភព៖ AP News