លោក​ Macron ​​​បន្ត​​រក​​ដំណោះ​ស្រាយ​​ការ​ទូត​​នៅ​​អ៊ុយក្រែន​ ក្នុង​កិច្ច​សន្ទនា​ទូរស័ព្ទ​ជាមួយ​លោក​ Putin​

ប៉ារីស៖ ​ប្រធានាធិបតី​បារាំង​លោក​ Emmanuel Macron ​​និង​សមភាគី​រុស្ស៊ី​លោក​ប្រធានាធិបតី​វ្ល៉ាឌីមៀ ​ពូទីន (Vladimir ​Putin) ​បាន​យល់​ព្រម​គ្នាលើ​​តម្រូវ​ការ​ដើម្បី​ផ្តល់​អាទិភាព​ដល់​ដំណោះ​ស្រាយ​ការ​ទូត​ចំពោះ​វិបត្តិ​អ៊ុយក្រែន​ ​​តាម​រយៈ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យសប្ដាហ៌​មុន​នេះ​​។​

​សេចក្តី​ថ្លែងការណ៍​នៃ​ការិយាល័យ​លោក ​Macron ​​ចេញ​ផ្សាយ​ក្រោយ​កិច្ច​សន្ទនា​រៀបរាប់​​ថា​៖​ «​​ប្រសិន​បើ​លក្ខខណ្ឌ​ត្រូវ​បាន​បំពេញ​ ផ្លូវកា​រ​ទូត​គួរ​តែ​អនុញ្ញាត​ឱ្យមា​ន​ការ​រៀប​ចំ​កិច្ច​ប្រជុំ​នៅ​កម្រិត​ខ្ពស់​បំផុត​ ដើម្បី​កំណត់​សន្តិភាព​និង​សណ្តាប់​ធ្នាប់​ថ្មី​នៅ​អឺរ៉ុប​»​។​

យ៉ាង​ណា​មិញ​ វិមាន​ក្រឹមឡាំង​បាន​បង្ហាញ​ពីសុ​ទិដ្ឋិនិយម​តិច​តួច​ចំពោះ​ដំណោះ​ស្រាយ​នេះ​។​ ​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​ក្រោយ​ការ​ហៅ​ទូរស័ព្ទ​ដូច​គ្នា​នោះ​​និយាយ​ថា​ លោក​ Putin ​បាន​លើក​ឡើង​ម្តង​ទៀត​នូវ​ការ​ជជែក​វែកញែក​របស់​លោក​ដែល​ថា​ បណ្តា​ប្រទេស​លោក​ខាង​លិច​កំពុង​ជំរុញ​រដ្ឋាភិបាល​អ៊ុយក្រែន​ឱ្យ​មាន​ដំណោះ​ស្រាយ​ដោយ​យោធា​ នៃ​ជម្លោះ​របស់​ខ្លួន​ជាមួយ​ពួក​បំបែក​ខ្លួន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​។​

ជាមួយគ្នា​នោះ​ រដ្ឋាភិបាល​អ៊ុយក្រែន​​ទទូច​ថា​ ខ្លួន​មិន​មាន​គម្រោង​បើក​ការ​វាយ​លុក​ប្រឆាំង​នឹង​ពួកបំ​បែក​ខ្លួននោះ​ទេ​​ ប៉ុន្តែ​មេ​ដឹកនាំ​​ផ្តាច់​ខ្លួន​នៃតំ​បន់​ដុនបាស​កាល​ពី​ចុង​សប្តាហ៍​មុន​ បាន​ចាប់ផ្តើ​ម​ធ្វើកា​រ​ជម្លៀស​ស្ត្រី​ និង​កុមារ​ ដោយ​អះ​អាង​ថា​ ការ​វាយ​លុក​បែប​នេះ​នឹង​កើត​មាន​ ខណៈ​ដែល​មាន​សេចក្ដី​រាយការណ៍ថា​​មាន​ការ​បំផ្ទុះ​កើត​ឡើង​ជាច្រើន​កន្លែង​នៅ​ក្រុង​នានា​ក្នុង​តំបន់​។​

បន្ទាប់​ពី​ការ​ហៅទូ​រស័ព្ទ​​ជាមួយ​លោក​ Putin​ ​លោក​ Macron ​​និយាយ​ជាមួយ​លោក​ Volodymyr Zelensky ​ប្រធានាធិបតីអ៊ុយក្រែន​ ហើយ​​សរសើរ​ពី​ភាព​ស្ងប់​ស្ងាត់​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ Zelensky ​ក្នុង​ការ​ទប់​ស្កាត់​ការ​កើន​ឡើង​ភាព​តាន​តឹង​។​

ក្នុងការ​ហៅទូ​រស័ព្ទ​ដដែល​ លោក​ Macron ​​និង​​លោក​​ Putin ​ក៏​បាន​យល់​ព្រម​បន្ត​ការងារ​ការ​ទូត​ឡើង​វិញ​នៅ​ក្នុង​កិច្ច​ចរចា​ទម្រង់ Normandy ​​​ដែល​ជា​បណ្តាញ​ចរចា​មួយដែ​ល​​បង្កើត​ឡើងកា​ល​ពី​៧​ឆ្នាំ​មុន​ ដោយ​​បារាំង​ អាល្លឺម៉ង់​ រុស្ស៊ី​ និង​អ៊ុយក្រែន​ ដើម្បី​ដោះស្រាយ​បញ្ហា​ជម្លោះ​ក្នុង​តំបន់​នៃ​​ភាគ​ខាង​កើត​អ៊ុយក្រែន​។ ​រដ្ឋ​មន្ត្រី​ការ​បរទេស​បារាំង​ និង​រុស្ស៊ី​ ក៏​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ផង​ដែរ​។​

​ប្រភព៖ New York Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner