សហរដ្ឋអាមេរិកថាមេបញ្ជាការរុស្សីនៅជិតអ៊ុយក្រែនបានទទួលបញ្ជាឱ្យចាប់ផ្ដើមសកម្មភាព
សហរដ្ឋអាមេរិកបានទទួលព័ត៌មានចារកម្មថាមេបញ្ជាការកងកម្លាំងរុស្សីប្រមូលផ្ដុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែនបានទទួលបញ្ជាឱ្យចាប់ផ្ដើមសកម្មភាពដើម្បីត្រៀមវាយប្រហារអ៊ុយក្រែន ដោយមេបញ្ជាការមួយចំនួនបានចាប់ផ្ដើមរៀបចំផែនការចល័តទ័ពរបស់ពួកគេនៅសមរភូមិ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន CBS ផ្អែកលើការលើកឡើងរបស់មន្ត្រីអាមេរិកមួយរូប។
យ៉ាងណាមិញ មន្ត្រីអាមេរិករូបនេះបាននិយាយថាការបញ្ជាបែបនេះនៅមិនមានន័យថាការឈ្លានពាននឹងកើតឡើងទេ ដោយមេដឹកនាំរុស្សីលោកវ្ល៉ាឌីមៀរ ពូទីនអាចនៅផ្លាស់ប្ដូរការសម្រេចចិត្តបាន។
បន្ទាប់ពីព្រមានជាច្រើនសប្ដាហ៍ថារុស្សីកំពុងត្រៀមឈ្លានពានប្រទេសអ៊ុយក្រែន លោកប្រធានាធិបតីចូ បៃដិនបាននិយាយកាលពីថ្ងៃសុក្រថាលោក «ជឿជាក់» ថាលោកពូទីនបានធ្វើការសម្រេចចិត្តធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន ដោយការវាយប្រហារនឹងចាប់ផ្ដើមនៅប៉ុន្មានថ្ងៃខាងមុខនេះ។ លោកបៃដិនបានលើកឡើងបែបនេះបើទោះបីជាក្រុងមូស្គូបាននិយាយម្ដងហើយម្ដងទៀតថាខ្លួនមិនមានផែនការឈ្លានពានប្រទេសអ៊ុយក្រែនទេ។
សេតវិមានបានប្រកាសកាលពីថ្ងៃអាទិត្យថាលោកបៃដិន បានយល់ព្រមធ្វើជំនួបជាមួយលោកពូទីននៅពេលខាងមុខ ក្នុងករណីដែលរុស្សីមិនធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ទីកន្លែង និងពេលវេលានៃជំនួបនេះគឺនៅមិនទាន់គេកំណត់នៅឡើយ ប៉ុន្តែត្រូវបានគេរំពឹងថានឹងកើតឡើងបន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្លីនខែន និងរដ្ឋមន្ត្រីការបរទេសរុស្សីលោកសឺហ្គេ ឡាវរ៉ូវនៅសប្ដាហ៍នេះ។
លោកប្លីនខែនបាននិយាយនៅលើកម្មវិធី «Face the Nation» ថាសហរដ្ឋអាមេរិកជឿជាក់លោកពូទីនសម្រេចចិត្ត«ទៅមុខ»ជាមួយផែនការឈ្លានពានប្រទេសអ៊ុយក្រែន ហើយលោកបានរិះគន់ការសម្រេចចិត្តរបស់ប្រទេសបេឡារូស ក្នុងការបន្តសមយុទ្ធជាមួយប្រទេសរុស្សី ដែលអនុញ្ញាតឱ្យមានការចល័តទាហានរុស្សីជាង ៣០.០០០ នាក់នៅព្រំដែនខាងជើងរបស់ប្រទេសអ៊ុយក្រែន៕

ប្រភព៖ CBS News