សុទិដ្ឋិនិយមនៃគម្រោងស្ពានដីគោកថៃ ក្រោមទំនាស់នៃភូមិសាស្រ្តនយោបាយចិន-អាមេរិក
គម្រោងស្ពានដីគោកថៃឬ «Thai Land Bridge» ត្រូវបានដាក់ស្នើឡើងដើម្បីធ្វើជាច្រករបៀងដឹកជញ្ជូនពាណិជ្ជកម្មរបស់ប្រទេសថៃ ដែលនឹងតភ្ជាប់ពីសមុទ្រអង់ដាម៉ង់នៃខេត្ត Ranong នាភាគខាងលិច ទៅឈូងសមុទ្រថៃនៃខេត្ត Chumphon នាភាគខាងកើត និងជំនួសឱ្យផែនការជីកព្រែកក្រា (Kra Cannal) របស់ខ្លួនលើឧបទ្វីបម៉ាឡេ។
គម្រោងនេះស្នើឡើងដើម្បីសាងសង់កំពង់ផែសម្រាប់ឱ្យកប៉ាល់ដឹកទំនិញធំៗចូលចតនៅក្នុងខេត្តភាគខាងត្បូងនៃប្រទេសទាំង២ ដែលនឹងតភ្ជាប់ដោយប្រព័ន្ធគមនាគមន៍ទាំងផ្លូវដែក ផ្លូវថ្នល់ហាយវេ និងបំពង់បង្ហូរប្រេង ហើយតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ នឹងត្រូវបានសាងសង់ជុំវិញកំពង់ផែទាំងនោះ ដើម្បីទាក់ទាញការវិនិយោគពីបរទេស។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចារ បាននិងកំពុងជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលមានឈ្មោះថា «ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត» ដែលជាចំណុចស្នូលនៃរបៀបវារៈសេដ្ឋកិច្ចរបស់ខ្លួន។ រដ្ឋាភិបាលក៏បានបង្កើតគំនិតផ្តួចផ្តើមច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូងក្នុងឆ្នាំ ២០១៨ ដើម្បីទាញយកប្រយោជន៍ពីធនធានធម្មជាតិនៅភាគខាងត្បូងប្រទេសថៃ ហើយគម្រោង Thai Land Bridge ដែលមិនទាន់ត្រូវបានអនុម័ត នឹងក្លាយជាកត្តាជំរុញសំខាន់ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នេះ។
លោក Pornsak Kaewthavor ប្រធានសភាពាណិជ្ជកម្មខេត្ត Ranong និយាយថា៖ «កំពង់ផែនឹងផ្តល់ជូននូវផ្លូវពាណិជ្ជកម្មពីសមុទ្រថ្មីមួយ ដែលតភ្ជាប់ប្រទេសថៃទៅកាន់ប្រទេសជប៉ុន ចិន និងវៀតណាមនៅភាគខាងកើត និងទៅកាន់ប្រទេសឥណ្ឌា មជ្ឈិមបូព៌ា និងអឺរ៉ុបនៅភាគខាងលិច»។ លោកបន្ថែមថា៖ «តាមរយៈប្រតិបត្តិការរួមបញ្ចូលគ្នានៃកំពង់ផែភាគខាងកើត និងខាងលិច ដែលជាថ្នាំងដឹកជញ្ជូនតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក-ឥណ្ឌា ថៃអាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដូចជាសិង្ហបុរី»។
តាមការចុះផ្សាយរបស់កាសែត Nikkei Asia គម្រោង Thai Land Bridge ត្រូវបានគេប៉ាន់ស្មានថានឹងចំណាយប្រាក់សាងសង់អស់ប្រហែល ៣ ប៊ីលានដុល្លារ ឬ ១/១០ នៃតម្លៃផែនការជីកព្រែកក្រា។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក Saksayam Chidchob បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍សេដ្ឋកិច្ចនៃផ្លូវពាណិជ្ជកម្មថ្មី ដោយនិយាយថា វានឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេសថៃដើម្បីក្លាយជា «ខ្លាសេដ្ឋកិច្ច» របស់អាស៊ីអាគ្នេយ៍ម្តងទៀត។ រដ្ឋមន្រ្តីដដែលនិយាយកាលពីខែចុងវិច្ឆិកាឆ្នាំមុនថា គម្រោងស្ពានដីគោកនេះក៏នឹងអាចដឹកទំនិញរហូតដល់ ២០ លានកុងតឺន័រក្នុងមួយឆ្នាំ។
ចំណុចសំខាន់នៃស្ពានដីគោកដែលស្នើឡើង គឺការកាត់បន្ថយចម្ងាយដែលកប៉ាល់ដឹកទំនិញពីអាស៊ីបូព៌ា មជ្ឈិមបូព៌ា និងអឺរ៉ុបត្រូវធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា (Malacca Strait)។ យោងតាមក្រសួងដឹកជញ្ជូនថៃ កប៉ាល់សរុបចំនួនជាង ៨៥ ០០០ បានឆ្លងកាត់ច្រកសមុទ្រនេះក្នុងឆ្នាំ ២០១៨។
ចំនួននេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងដល់ជាង ១២៨ ០០០ ក្នុងរយៈពេល ១០ ឆ្នាំ ដែលអាចលើសពីដែនកំណត់នៃច្រកដែលគេប៉ាន់ស្មានថាអាចឱ្យនាវាចំនួន ១២២ ០០០ ចូលបានក្នុង១ឆ្នាំ ស្របពេលដែលការកកស្ទះខ្លាំងពេក នឹងបង្កើនហានិភ័យនៃការពន្យារពេល និងការប៉ះទង្គិចគ្នា។
គម្រោងស្ពានដីគោក នឹងមិនត្រឹមតែជួយបញ្ចៀសហានិភ័យបែបនេះទេ ប៉ុន្តែថែមទាំងកាត់បន្ថយចម្ងាយធ្វើដំណើរដល់ទៅ ១ ២០០ គីឡូម៉ែត្រ ឬស្មើនឹងការធ្វើដំណើរតាមកប៉ាល់ប្រហែល២ថ្ងៃ។ ប៉ុន្តែការប្រើប្រាស់ស្ពានដីគោកនេះ ក៏នឹងរួមបញ្ចូលការដឹកជញ្ជូនទំនិញពីកប៉ាល់ទៅកាន់រថភ្លើង ឬឡានដឹកទំនិញ ហើយបន្តទៅកប៉ាល់ម្តងទៀត។
យ៉ាងណាមិញ អ្នកជំនាញមួយចំនួនមានមន្ទិលលើលទ្ធភាពសេដ្ឋកិច្ចនៃគម្រោងស្ពានដីគោកនេះ។ នាយកប្រតិបត្តិនៅក្រុមហ៊ុនដឹកជញ្ជូនមួយរបស់ជប៉ុននិយាយបែបអនាមិកប្រាប់កាសែត Nikkei Asia ថា៖ «វិធីសាស្រ្តនេះនឹងមិនសមហេតុផលទេ លុះត្រាតែការដឹកជញ្ជូនដោយរលូន និងរហ័សរវាងកប៉ាល់ ហើយយានជំនិះលើដីគោកត្រូវបានធានា។ ស្ពានដីគោកនេះ នឹងមិនអាចប្រកួតប្រជែងជាមួយច្រកម៉ាឡាកា ដែលមិនត្រូវការលើកដាក់ទំនិញចុះឡើងនោះទេ»។
យ៉ាងណាមិញ លោក Suwat Nualkaw ទទួលបន្ទុកផ្នែករដ្ឋបាលនៅមហាវិទ្យាល័យភស្តុភារ និងចង្វាក់ផ្គត់ផ្គង់នៃសកលវិទ្យាល័យ Suan Sunandha Rajabhat អះអាងថា ផ្លូវទាំង២នេះអាចប្រើប្រាស់សម្រាប់ប្រភេទទំនិញផ្សេងៗគ្នា។ ឧទាហរណ៍ ច្រកសមុទ្រម៉ាឡាកា អាចប្រើសម្រាប់ដឹកជញ្ជូនអង្ករ និងស៊ីម៉ងត៍ ហើយស្ពានដីគោកសម្រួលខាងផ្នែកអេឡិចត្រូនិច»។
ខណៈដែលលទ្ធភាពសេដ្ឋកិច្ចនៃគម្រោងត្រូវបានគេលើកឡើង គម្រោង Thai Land Bridge ក៏រងពីប៉ះពាល់នៃភូមិសាស្រ្តនយោបាយសម្រាប់ការប្រកួតប្រជែងដ៏ជូរចត់រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញឥទ្ធិពលនៅអាស៊ី។
ភ្លាមៗបន្ទាប់ពីការសិក្សាពីលទ្ធភាពនៃគម្រោងនេះចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ ២០២០ មន្ត្រីមួយចំនួននៅស្ថានទូតអាមេរិកប្រចាំប្រទេសថៃបានធ្វើទស្សនកិច្ចទៅខេត្ត Ranong ហើយព្រមានមេដឹកនាំធុរកិច្ចក្នុងស្រុកថា ការចូលរួមរបស់ចិននឹងមិននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់សហគមន៍មូលដ្ឋាននោះទេ។
សហរដ្ឋអាមេរិកក៏បារម្ភថា កំពង់ផែថៃធំៗថ្មីដែលគ្រោងសម្រាប់គម្រោងនេះនឹងស្ថិតនៅក្រោមឥទ្ធិពលរបស់ទីក្រុងប៉េកាំង ហើយធ្លាក់ខ្លួនចូលទៅក្នុងជោគវាសនាដូចកំពង់ផែស្រីលង្កា Hambantota កំពង់ផែប៉ាគីស្ថាន Gwadar និងកំពង់ផែមីយ៉ាន់ម៉ា Kyaukphyu ជាដើម ហើយថាចិននឹងប្រើប្រាស់មធ្យោបាយទាំងនេះសម្រាប់គោលបំណងយោធា។
ប្រទេសចិន កំពុងស្វែងរកការកសាងបណ្តាញផ្លូវដែក Pan-Asian រត់កាត់ឧបទ្វីបឥណ្ឌូចិន ជាផ្លូវជំនួសសម្រាប់ផ្លូវសមុទ្រឆ្លងកាត់ច្រកម៉ាឡាកា និងសមុទ្រចិនខាងត្បូង ក្នុងករណីវិបត្តិសន្តិសុខកើតឡើងនៅកន្លែងទាំងនោះ។ ស្ពានដីគោក អាចដើរតួជាផ្នែកសំខាន់នៃផ្លូវបែបនេះ ដោយប្រសិនបើការសាងសង់ក្រោមជំនួយពីក្រុងប៉េកាំង វានឹងជួយចិនក្នុងគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដោយមិនធ្វើឱ្យខ្លួនពឹងផ្អែកច្រើនលើច្រកសមុទ្រម៉ាឡាកា និងជាតំបន់នៃវត្តមានរបស់អាមេរិក។

ប្រភព៖ Nikkie Asia