អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អំពាវនាវ​កុំ​ឱ្យ​ប្រជាជន​រដ្ឋ​ចូហូរ បោះឆ្នោត​ឱ្យ​បក្ស​កាន់​អំណាច

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀរ មហាម៉ាត់​បាន​ធ្វើ​ការ​អំពាវនាវ​តាម​រយៈ​លិខិត​ចំហរ​ទៅ​កាន់​ប្រជាជន​រដ្ឋ​ចូហូរ (Johor) ដែល​នឹង​បោះឆ្នោត​ថ្នាក់​រដ្ឋ​នៅ​ខែ​ក្រោយ​នេះ កុំ​ឱ្យ​បោះឆ្នោត​គាំទ្រ​ដល់​សម្ព័ន្ធគណបក្ស​កាន់​អំណាច​រណសិរ្ស​ជាតិ (BN) និង​គណបក្ស​អង្គការ​រួបរួម​ជាតិ​ម៉ាឡេ ដែល​ហៅ​កាត់​ថា អ៊ុមណូ (UMNO)។

លោក​បាន​ចេញ​លិខិត​ចំហ​ចំនួន ២ច្បាប់ ដោយ​លើក​ទី១ នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន និង​លើក​ទី២ នៅ​ថ្ងៃ​សៅរ៍។

នៅ​ក្នុង​សារ​នយោបាយ​ទាំង​ ២នេះ លោក​មហាធៀរ​បាន​ចាត់​ទុក​ថា ការ​បោះឆ្នោត​ឱ្យ​សម្ព័ន្ធ BN និង​គណបក្ស​អ៊ុមណូ​ជា​ការ​ផ្ដល់​អំណាច​ឱ្យ​ក្រុម​របស់​អតីត​នាយករដ្ឋមន្ត្រី​ ណាជីព រ៉ាហ្សាក់ ដែល​លោក​មហាធៀរ​ចាត់​ទុក​ថា​ជា​ក្រុម​លួច​ជាតិ​ តាម​រយៈ​រឿង​អាស្រូវ​មូលនិធិ​វិនិយោគ​សាធារណៈ​ម៉ាឡេស៊ី 1MDB។

រឿង​អាស្រូវ​ 1MDB នេះ​គឺ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ទ្រង់ទ្រាយ​ធំ​មួយ ដែល​ក្រសួង​យុត្តិធម៌​អាមេរិក​ចោទ​ថា មន្ត្រី​ជាច្រើន​​ក្នុង​ជួរ​រដ្ឋាភិបាល​លោក រ៉ាហ្សាក់ លួច​លុយ​វិនិយោគ​សាធារណៈ​ចំនួន ៤,៥ប៊ីលាន​ដុល្លារ។

លោក​ មហាធៀរ​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​លើក​ទី២ថា៖ «គេ [លោក ណាជីព] ត្រូវ​តែ​បញ្ឈប់​។ ប្រសិន​ជា​គេ​មក​វិញ នោះ​មាន​ន័យ​ថា ប្រទេស​នឹង​គ្រប់គ្រង​ដោយ​ក្រុម​លួច​ជាតិ​»។

ស្រប​ពេល​ដែល​ក្រុម​ប្រឆាំង​កំពុង​តែ​បែកបាក់ គេ​រំពឹង​ថា​គណបក្ស​អ៊ុមណូ​អាច​នឹង​ឈ្នះ​ឆ្នោត​នៅ​រដ្ឋ​ចូហូរ។ កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ លោក ណាជីព បាន​ជួយ​ឃោសនា​ឱ្យ​អ៊ុមណូ​ឈ្នះ​នៅ​រដ្ឋ​ម៉ាឡាកា។

ប្រសិន​បើ​ឈ្នះ​រដ្ឋ​ចូហូរ​មួយ​ទៀត មតិ​មួយ​ចំនួន​ធ្វើ​ការ​ព្យាករ​ថា ម៉ាឡេស៊ី​នឹង​មាន​ការ​បោះឆ្នោត​សកល​មុន​អាណត្តិ​ ហើយ​គណបក្ស​កាន់​អំណាច​រាប់​ទសវត្ស​អ៊ុមណូ នឹង​ត្រលប់​ត្រឡប់​​វិញ​ជា​ផ្លូវការ៕

ប្រភព៖ The Straits Times

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner