អង្គការគ័យ(KOICA) គាំទ្រការបង្កើនបន្ថែមនូវគម្រោងអភិវឌ្ឍន៍ជនបទ តាមរយៈការជួយខ្លួនឯងសម្រាប់បង្កើតប្រាក់ចំណូលរបស់កសិករខ្មែរ
ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មានបំណងគាំទ្រដល់ការបង្កើនបន្ថែមនូវគម្រោងអភិវឌ្ឍន៍ជនបទ តាមរយៈការជួយខ្លួនឯង សម្រាប់បង្កើតប្រាក់ចំណូលរបស់កសិករខ្មែរចំនួនជាង១០០ភូមិ បន្ថែមទៀតដែលជាដំណាក់កាលទី២ តាមសំណើរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ខណៈគម្រោងដំណាក់កាលទី១ ចំនួន៣០ភូមិត្រូវបានបញ្ចប់នៅខេត្តតាកែវ ត្បូងឃ្មុំ កំពង់ស្ពឺ ធ្វើឲ្យចំណូលក្នុងគ្រួសារកសិករមានការកើនឡើង។ នេះជាប្រសាសន៍របស់ លោក រ៉ូ យ៉ុនជុន នាយកប្រចាំប្រទេសកម្ពុជានៃអង្គការ គ័យការ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមឧប នាយក រដ្ឋមន្រ្តី យឹម ឆៃលី ប្រធាន ក្រុម ប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលធ្វើឡើងនៅ ទីស្តីការ គណៈរដ្ឋមន្ត្រី កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក រ៉ូ យ៉ុនជុន បន្តថា មុននឹងក្រុមជំនាញការរបស់គ័យកា (KOICA) ចុះធ្វើការអង្កេត និងស្វែងយល់ពីតម្រូវការចាំបាច់របស់ពលរដ្ឋនៅតាមភូមិគោលដៅ ព្រមទាំងចង់មកពិភាក្សា និងទទួលអនុសាសន៍ មួយចំនួនពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីឲ្យការអនុវត្តគម្រោងខាងលើទទួលបានជោគជ័យ។ ជាមួយគ្នានោះ ក៏មានបំណង់ចង់ស្វែងយល់ពីគោលនយោបាយជាតិស្តីពីការអភិវឌ្ឍន៍ជនបទ និងកសិកម្មរបស់កម្ពុជាផងដែរ។ លោកបន្ថែមថា កាលពីជាង៤០ឆ្នាំមុន, កូរ៉េ ជាប្រទេសក្រីក្រមួយ។ ប៉ុន្តែ ក្រោយពីការអនុវត្តចលនាភូមិថ្មីប្រកបដោយជោគជ័យ ធ្វើឲ្យប្រទេសកូរ៉េមានការអភិវឌ្ឍដូចសព្វថៃ្ងនេះ។

ដូច្នេះ (KOICA) ចង់ចែករំលែកបទពិសោធន៍ទាំងនេះដល់ប្រទេសកម្ពុជា។ បច្ចុប្បន្ន (KOICA) មានកម្មវិធីសំខាន់ចំនួន៤ គឺ អភិវឌ្ឍន៏ អប់រំ សុខាភិបាលសាធារណៈ និងការដឹកជញ្ជូន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងអំណរគុណ ដល់អង្គការគ័យការ ដែលបានជួយដល់កម្ពុជាយ៉ាងច្រើន និងបានជួយសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអន្តរក្រសួងទៅប្រទេសកូរ៉េ ដើម្បីរៀនសូត្រ និង ដកស្រង់បទពិសោធន៍ល្អៗពីចលនាភូមិថ្មី និងត្រូវបានយកមកអនុវត្តន៍នៅ កម្ពុជា ដោយបានជ្រួតជ្រាបដល់សហគមតាមជនបទ ក្នុងការបង្កើនប្រាក់ចំណូល កែលម្អរកម្រិតជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ចលនាភូមិថ្មី ត្រូវបានបញ្ចូលក្នុងក្របខណ្ឌ អភិវឌ្ឍន៍សហគមន៍ជនបទនៅកម្ពុជា និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមចក្ខុវិស័យ ដ៏មុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០។ ឯកឧត្តម ឧបនាយក រដ្ឋមន្រ្តីបញ្ជាក់ថា ចលនាភូមិថ្មី ជាកម្មវិធីមួយដែលអនុវត្តន៍បានជោគជ័យនៅប្រទេសកូរ៉េ។ ដូច្នេះ យើងត្រូវរួមគ្នាអនុវត្តន៍ឲ្យបានជោគជ័យនៅកម្ពុជា ស្របទៅតាមបរិបទនៃប្រទសកម្ពុជា ។

ឯកឧត្តមបន្ថែមថា ក្នុងនោះក្រុមការងារចលនាភូមិថ្មីដែលមានស្រាប់ត្រូវធ្វើបន្តការងាររបស់ខ្លួន ដោយធ្វើការកែសម្រួលរចនាសម្ព័ន្ធ និងសមាសភាពខ្លះ ធ្វើយ៉ាងណាឲ្យក្រុមការងារនេះមានការចូលរួមពីអន្តរក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា យើងត្រូវសិក្សាចំណុចល្អៗដែលជាមេរៀនបទពិសោធន៍ និងបញ្ហាប្រឈមនានាពីគម្រោងនេះក្នុងជំហានទី១ ឲ្យបានច្បាស់លាស់ ចំពោះសំណើរបង្កើតបន្ថែមភូមិគំរូជាង១០០ភូមិថែមទៀត របស់ក្រសួងអភិវឌ្ឍន៍បទក្នុងជំហានទី២ ។

ក្នុងនោះក៏រួមនឹងបន្តកិច្ចដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលចលនាភូមិថ្មីនៅខេត្តកំពង់ស្ពឺ ដែលត្រូវបានសាង់សង់ឡើងក្រោយជំនួយរបស់កូរ៉េ ដោយសហការឲ្យបានជិតស្និទ្ឋជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋ ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរថ្នាក់ក្រោមជាតិ និងវិស័យ ឯកជន ផងដែរ ព្រោះការអភិវឌ្ឍជនបទ វាពាក់ព័ន្ឋ នឹងវិស័យកសិកម្ម អប់រំ សេវាសុខាភិបាលសាធារណៈ ទឹកស្អាត និងអនាម័យ។ល។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ត្រៀមខ្លួនជានិច្ច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ (KOICA) ដើម្បីឲ្យការអនុវត្តគម្រោងនានានៅកម្ពុជាទទួលបានជោគជ័យ៕ធ.ដ
